ក្លឹបកំសាន្តខារ៉ាឡូហ្សិត២ នៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចចុះបិទ ក្រោយរកឃើញបុគ្គលិកម្នាក់ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ បុគ្គលិកក្លឹបខារ៉ាអូខេ (ឡូហ្សិក២)ចំនួន៧៤ នាក់ (ប្រុស១១នាក់)សមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកតាពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩ ខេត្តកណ្តាល, សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិក២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩, ហើយភរិយាធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។ នេះបើយោងតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

តាមការអោយដឹងពីក្រុមការងារ គឺសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិក, ២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ថា ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិក2) នេះធ្វើឡើង បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជម្ងឺកូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេផងដែរ។ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។

ចំពោះស្ត្រីខាងលើត្រូវបាននាំយក ទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។ ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទ ជាបណ្តោះអាសន្នផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលិកក្លឹបកម្សាន្ត (ឡូហ្សិក២) ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ៕