មន្ត្រីនគរបាល បើកឡានបុកបុរសម្នាក់ សន្លប់ធំដេកលើគ្រែពេទ្យកន្លះខែ នៅមិនទាន់ដឹងខ្លួន

0

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ បើកឡានបុកបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ដេកសន្លប់លើគ្រែពេទ្យ ១៤ថ្ងៃ នៅមិនទាន់ដឹងខ្លួន បែរជាគ្មានដំណោះស្រាយ ជាសំណងដល់ជនរងគ្រោះ ទាល់តែប្រពន្ធតេមកពឹងឲ្យលោក ដួង តារា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ជួយទើបទទួលបានសំណង ។

លោក ដួង តារា បានសរសេរលើហ្វេសប៊ុក ក្នុងន័យដើមទាំងស្រុងថា ជនរងគ្រោះម្នាក់សន្លប់ធំ ដេកលើគ្រែពេទ្យ១៤ថ្ងៃ នៅមិនទាន់ដឹងខ្លួនដោយសាគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញប្រពន្ធជនរងគ្រោះ បានស្នើសុំមកខ្ញុំជួយប្តីគាត់ដែលបាន រងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ មន្រ្តីនគរបាល។

គ្រោះថ្នាក់ចរចារណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ម្សិលមិញ នៅមិនទាន់បានដោះស្រាយ ឬសំណងអ្វីឡើយដល់ជនរងគ្រោះ។ យប់មិញ ខ្ញុំបានទាក់ទងទៅមន្រ្តីនគរបាល នៅខេត្តបាត់ដំបង សុំអោយមានការទទួលខុសត្រូវដោះស្រាយ ជួយជនរងគ្រោះដែលពេលនេះកំពុងសន្លប់ធំ (១៤ថ្ងៃមកហើយ) នៅមិនទាន់ដឹងខ្លួននៅឡើយ។

ទើបកាលពីព្រឹកមិញនេះ មានការសម្របសម្រួលគ្នារវាងភាគីទាំង២ ហើយក៏បានឈានដល់ការយល់ព្រមបង់និង ទទួលសំណង។ ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ដែលកំពុងធ្វើអោយជីវិតមនុស្សម្នាក់ មិនដឹងថាស្លាប់ឬរស់នៅឡើយ។

មិនថាតែប្រជាពលរដ្ឋធម្មទេ ទោះបីយើងជាមន្រ្តីរាជការក៏ដោយ គឺត្រូវបើកបរមានការទទួលខុសត្រូវ បើបង្កគ្រោះថ្នាក់ហើយគឺត្រូវទទួលខុស ត្រូវដោះស្រាយអោយភាគីទាំងសង្ខាង អាចទទួលយកបានដើម្បីបញ្ចប់បញ្ហា ព្រោះថាបើមិនដោះស្រាយពេលនេះទេ ក៏ត្រូវតែដោះនៅពេលណាមួយ គឺចៀសមិនផុតទេ។ គ្រោះថ្នាក់ចរាចរណ៍អាចកើតមានគ្រប់វិនាទី ប្រសិនបើមិនមានការប្រុងប្រយ័ត្នទេនោះ។ ទោះបីយើងបើកបរលើផ្លូវត្រឹមត្រូវក៏ដោយ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ថែមមួយកម្រិតទៀត ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ទីកន្លែង។

ទន្ទឹមនឹងថែរក្សាសុវត្ថិភាពក្នុងការបើកបរ យើងត្រូវថែរក្សាសុវត្ថិភាព សុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង ៕