Home សង្គម ៦ថ្ងៃ មានពលរដ្ឋជាង ២ពាន់នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

៦ថ្ងៃ មានពលរដ្ឋជាង ២ពាន់នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

0

ភ្នំពេញ៖ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១០-១៥ ខែកុម្ភៈ ក្រសួងសុខាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តចិន ជូនប្រជាពលរដ្ឋ ២.១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់។

យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ កុម្ភៈ បានឲ្យដឹងថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ២,៦៧៨នាក់ ស្ត្រី ១,០០៣នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៥៥៦នាក់ ស្ត្រី ៣០៥នាក់។

សូមរំលឹកថា ក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ជំហានដំបូង ៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ ត្រូវបានបែងចែកទៅក្រសួងការពារជាតិ ៣០ម៉ឺនដូស និងក្រសួងសុខាភិបាល ៣០ម៉ឺនដូស។ ៣០ម៉ឺនដូស ដែលប្រគល់ជូនក្រសួងការពារជាតិ គឺប្រើសម្រាប់ចាក់ជូនកងកម្លាំងប្រដាប់អាវុធ មានទាហាន កងរាជអាវុធហត្ថ និងនគរបាលជាតិ។ គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ជូនកម្លាំងប្រដាប់អាវុធបានចំនួន ៤,៩៦៩នាក់ហើយ។

ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា៕

Previous articleអ្នកប្រើប្រាស់ Apple Watch គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី បើមិនចង់មានបញ្ហាជាមួយការសាកថ្ម
Next articleដំណឹងល្អ! ៤ថ្ងៃជាប់គ្នាហើយ កម្ពុជាមិនមានរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មីនោះទេ