ភ្នំពេញ៖ សមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនបុរសចំនួន ៧នាក់ គេចខ្លួនម្នាក់ ពាក់ព័ន្ធនឹងករណីលួចគោអ្នកស្រុកចំនួន៤ ក្បាល បន្ទាប់ពីជនរងគ្រោះចំនួន ២នាក់ បានដាក់ពាក្យប្ដឹងកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ,ឈានចូលថ្ងៃទី១៣ ខែ កុម្ភៈ ទើបសមត្ថកិច្ចប្រមូល បានសរុបចំនួន៨នាក់ ដូចជម្រាបជូនខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍លួចសត្វគោនេះ កើតនៅចំណុចភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន ២នាក់៖ ១.ឈ្មោះ ទឹម សុខលីម ភេទស្រី អាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២.ឈ្មោះ ធឿន រិដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
រីឯជនសង្ស័យចំនួន ៨នាក់៖
១.ឈ្មោះ លី ចាន់ ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មេក្លោង (ឃាត់ខ្លួន)។
២.ឈ្មោះ កូវ រស្មី ហៅគោ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកស៊ីឈ្នួរដឹកសត្វគោ (ឃាត់ខ្លួន)។
៣.ឈ្មោះ ជឹម សាមីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកលួចសត្វគោ (ឃាត់ខ្លួន)។
៤.ឈ្មោះ កៃ វណ្ណដន ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិអណ្ដូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នកទទួលទិញសត្វគោបន្ត (ឃាត់ខ្លួន)។
៥.ឈ្មោះ វ៉ាត់ ធួន ហៅគក ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នកទទួលទិញសត្វគោបន្ត (ឃាត់ខ្លួន)។
៦.ឈ្មោះ ហ៊ិន នី ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកកិនស្រូវ នៅភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកបើករឺម៉កដឹកសត្វគោ (ឃាត់ខ្លួន)។
៧.ឈ្មោះ យី ទ្រី ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកទិញសត្វគោបន្ត (ឃាត់ខ្លួន)។
៨.ឈ្មោះ សាន់ គីម ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកទិញសត្វគោបន្ត (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
-សត្វគោញីសម្បុរស ចំនួនបួនក្បាល។
-រឺម៉កសម្រាប់ដឹកសត្វគោ ចំនួនពីរគ្រឿង។
នគរបាលបានរៀបរាប់ដំណើររឿងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក ជនរងគ្រោះបានដឹកសត្វគោចំនួនប្រាំក្បាល យកទៅប្រលែងនៅវាលស្រែខាងក្រោយផ្ទះ។ រហូតដល់ម៉ោង១៧ និង ៣០នាទីល្ងាច ឃើញតែសត្វគោចំនួន បួនក្បាលដើរចូលផ្ទះវិញ ហើយសត្វគោញីចំនួនមួយក្បាលទៀត មិនឃើញដើរមកផ្ទះវិញសោះ ទើបជនរងគ្រោះនឹងសាច់ញាតិ បាននាំគ្នាដើររកសត្វគោនោះ តែរកមិនឃើញសោះ។ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែលប្រាំបួនព្រឹក ទើបជនសង្ស័យឈ្មោះ លី ចាន់ បានដឹងថាជនរងគ្រោះបាត់សត្វគោចំនួនមួយក្បាល ក៏ទៅសួរនាំភិនភាគសត្វគោពីជនរងគ្រោះ ទើបជនសង្ស័យប្រាប់ទៅជនរងគ្រោះថា គោនោះខ្លួនយកទៅលក់ ឲ្យគេនៅម្ដុំសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ពេលនោះទើបជនរងគ្រោះបានទៅ ដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច និងបានហៅជនសង្ស័យមកសួរបំភ្លឺតាមនីតិវិធី។
ប្រភពបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លី ចាន់ បានសារភាពថាខ្លួនបានបញ្ជាឲ្យបក្ខពួក ធ្វើសកម្មភាពលួចសត្វគោរបស់ជនរងគ្រោះ ហើយយកទៅលក់ប្រាកដមែន។ ចំពោះករណីនេះកម្លាំងជំនាញ កសាងសុំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕