កូនតិរច្ឆាន ឈ្លោះជាមួយម្តាយ ដុតផ្ទះគាត់ចោលខ្ទេច

0

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២២និង០៥នាទី នៅចំណុចប្រឡាយ ស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បុរសម្នាក់ឈ្លោះជាមួយម្តាយខ្លួន ហើយបានដុតផ្ទះម្តាយចោល ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ពីបទហឹង្សាក្នុងគ្រួសារ ដោយចេតនា បណ្តាលឲ្យឆេះផ្ទះទាំងស្រុង ដែលធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្តា មានទំហំ៧ម៉ែត្រ×៥ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ។

មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានឲ្យដឹងថា ជនបង្កមានឈ្មោះ រ៉េត ប៊ុនរឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ បានឈ្លោះជាមួយម្តាយឈ្មោះ យ៉ុង ទូច ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិសង្កាត់ កើតហេតុខាងលើហើយបានដុតផ្ទះម្តាយ ។

ប្រភពដដែលបានបន្តថា ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យនេះ មានកម្លាំងអន្តរាគមន៍នៃ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃនិងប្រជាការពារ ដឹកនាំដោយលោកវរសេនីយឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានសហការជាមួយកម្លាំងនៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយត្រី ព្រុំ សារុន ស្នងការរងផែនការងារគ្រប់គ្រង អាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន ។

ប្រភពក៏បានឲ្យដឹងដែរថា សមត្ថកិច្ចនគរបាលបានចាប់ឃាត់ខ្លួន ជនបង្កខាងលើយកមក អធិការដ្នាននគរបាល ក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕