ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់មិត្តចិន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «វ៉ាក់សាំងដែលជាជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន ៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូង នៃជំនួយចំនួន ១លានដូស ។ ម៉ោង៨និង៣០នាទីថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលខ្លួនខ្ញុំនឹងទទួលមុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ» ។
សម្ដេចបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ នឹងមានការផ្សាយផ្ទាល់ និងបន្ទាប់ពីចាក់រួច សម្ដេចនឹងធ្វើសន្និសីទសារព័ត៌មាន នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង ។
សូមជំរាបបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃ ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ – ៥ កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យ ដ៍ជ្រាលជ្រៅនៃចំណង
មិត្តភាព សាមគ្គីភាពក្នុងដំណាក់កាល ដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះសម្ដេចបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រា
លំបាក)។
សម្ដេចតេជោ ក៏បានអរគុណប្រធានាធិបតី ស៊ី ជីនភីង នាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដែលបានទទួលសម្ដេច និងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិន រាប់ទាំងនៅទីក្រុងវូហានផង ឲ្យជៀសផុតពីជម្ងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយ សុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត ៕