ភ្នំពេញ៖ ខឹងបបួលទៅផឹកស្រាជាមួយមិនបាន ស្រាប់តែក្រុមជនសង្ស័យ ៤នាក់ មានបងប្អូនបង្កើត ៣នាក់ និងជនជាតិវៀតណាមម្នាក់ ប្រដាប់ដោយកាំបិត និងដំបង បានដេញព្រួតកាប់ និងវាយបុរសម្នាក់យ៉ាងសាហាវឃោរឃៅបំផុត រហូតទាល់តែដាច់ខ្យល់ស្លាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៦៖៥០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះជនរងគ្រោះត្រង់ទំនប់៣៨ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ វ៉ាន់ វុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យមានគ្នា ៤នាក់៖ ទី១-ឈ្មោះ លន សុខវី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី ។ ទី២-ឈ្មោះ លន សុខវឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី។ ទី៣-ឈ្មោះ លន សុខវន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបនេសាទត្រី ។ ទី៤-ឈ្មោះ ស៊ាង ឌៀប ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម មុខរបរនេសាទត្រី។ ជនសង្ស័យទាំង ៤នាក់មានទីលំនៅភូមិ ព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល កំពុងរត់គេចខ្លួន ។
បើតាមការបំភ្លឺពីឈ្មោះ អ៊ីម សុខងីម ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺនៅវេលាម៉ោងប្រមាណជា ៥៖៣០នាទីល្ងាច ប្ដីរបស់ខ្លួន ដែលជាជនរងគ្រោះ បានត្រឡប់មកពីលេងផ្ទះបងប្អូន នៅឯឃុំក្អមសំណ ស្រុកលើកដែកវិញ ពេលមកដល់ផ្ទះស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយក៏ទៅដេកនៅលើអង្រឹងក្នុងរោងបាយទៅ។
លុះនៅពេលកើតហេតុ វេលាម៉ោង ៦៖៥០នាទីយប់ ស្រាប់តែឈ្មោះ ស៊ាង ឌៀប ភេទប្រុស ជនជាតិវៀតណាម ដែលមានផ្ទះនៅខាងកើតផ្ទះខ្លួន បានជិះម៉ូតូមកហៅជនរងគ្រោះឲ្យទៅផឹកស្រាជាមួយពួកខ្លួន តែជនរងគ្រោះពុំព្រមទៅ ដោយសារតែឈ្មោះ ស៊ាង ឌៀប និងបក្ខពួកធ្លាប់បាននិយាយជេរឌឺដងដាក់គាត់។ ភ្លាមនោះស្រាប់តែពួកគេទាំង ២នាក់ទាក់ពាក្យសម្ដីគ្នាខ្លាំងឡើងៗ រហូតដល់បានដេញវាយគ្នា ទៅវិញទៅមកទៅដល់ជិតមុខរោងអ្នកតាភូមិ ដែលនៅខាងលិចផ្ទះខ្លួនបន្តិច ហើយបន្ទាប់មកបន្ទាន់ៗគ្នានោះ ជនសង្ស័យទាំង៣នាក់បងប្អូន មានឈ្មោះ លន សុខវឿន (កាន់កាំបិតផ្គាក់) ,លន សុខវី (កាន់កាំបិតផ្គាក់), លន សុខវន (កាន់ដំបងឈើ) បានរត់មកព្រួតវាយ និងកាប់ទៅលើជនរងគ្រោះតែម្ដង ធ្វើឱ្យជនរងគ្រោះរត់គេចមក ដល់ក្បែរពាងទឹកខាងមុខផ្ទះខ្លួន ហើយពួកជនសង្ស័យទាំង ៤នាក់ខាងលើ ក៏បានដេញតាមប្ដូរគ្នាកាប់ ម្ដងម្នាក់បន្ថែមទៀតទៅលើជនរងគ្រោះ ទាំងដែលជនរងគ្រោះដួលទៅនឹងដីទៅហើយ ទោះខ្លួនជាប្រពន្ធជនរងគ្រោះ យំស្រែកអង្វរ និងស្រែកឱ្យគេជួយយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាហ៊ានជួយដែរ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ ទាំង៤នាក់ បានកាន់កាំបិតគេចខ្លួនបាត់ ។ ចំណែកគាត់ជាប្រពន្ធជនរងគ្រោះ ក្រោយពីឃើញថា ប្ដីខ្លួនត្រូវបានស្លាប់បាត់ហើយ ខ្លួនក៏បានជិះម៉ូតូទៅប្រាប់ បងប្អូនឱ្យមកជួយមើល និងរាយការណ៍ជូននគរបាលតែម្ដង។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យឃើញថា សាកសពជនរងគ្រោះមានស្លាកស្នាមចំនួន ១២កន្លែងៈ ១-មានស្នាមមុត ដាច់ដោយវត្ថុរឹងមុខស្រួចលើ ស្លាបប្រចៀវខាងឆ្វេង ប្រវែង២០ស.ម ទទឹង៧ស.ម ជម្រៅដល់ឆ្អឹង, ២-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លើខ្នងខាងឆ្វេងប្រវែង១២ស.ម ទទឹង៦ស.ម ជម្រៅដល់ឆ្អឹង, ៣-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លើ ចង្កេះខាងឆ្វេង ប្រវែង ២០ស.ម ទទឹង ៤ស.ម ជម្រៅដល់ឆ្អឹង, ៤-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លើក្បាល ផ្នែកខាងក្រោយចំហៀងខាងឆ្វេងប្រវែង១១ស.ម ជម្រៅ ដល់ឆ្អឹង, ៥-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច ខាងក្រោយគុម្ពត្រចៀកខាងឆ្វេងប្រវែង៦ស.ម ជម្រៅ ដល់ឆ្អឹង, ៦-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច ក្រោមគុម្ពត្រចៀកខាងស្ដាំចំនួន ២កន្លែងប្រវែង១២ស.ម ជម្រៅ ដល់ឆ្អឹងដូគ្នា, ៧-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួចលើស្មាខាងស្ដាំប្រវែង១២ស.ម ជម្រៅ ដល់ឆ្អឹង, ៨-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច ចំថ្គាម ក្រោមថ្ពាល់ខាងស្ដាំប្រវែង៦ស.ម ជម្រៅ ដល់ឆ្អឹង, ៩- ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លើខ្នងកដៃខាងស្ដាំចំនួន ៣កន្លែង ជម្រៅ ដល់ឆ្អឹងដូចគ្នា, ១០-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លើកដៃខាងឆ្វេងចំនួន ២កន្លែងប្រវែង៥ស.ម ជម្រៅ ២ស.ម ដូចគ្នា, ១១-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លើកែងដៃខាងឆ្វេងចំនួន១កន្លែង ប្រវែង១២ស.ម ជម្រៅ ២ស.មនិង១២-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លើស្មងជើងខាងស្ដាំ១កន្លែងប្រវែង១១ស.ម ជម្រៅ ដល់ឆ្អឹង។ ស្លាកស្នាមទាំង១២ចំណុចខាងលើ អាចមុតដាច់ដោយវត្ថុរឹងមុខស្រួច(កាំបិត)។ នគរបាលជំនាញបានសន្និដ្ឋានថា ករណីនេះជាអំពើឃាតកម្ម។
ក្រោយពីពិនិត្យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕