ភ្នំពេញ៖ ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ, នេះបើតាមការឱ្យដឹងរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងនៅក្នុងឱកាស បើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្នុងនាមជាប្រធានក្រុមការងារ អន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបានថ្លែងយ៉ាងដូច្នេះថា «ទោះស្ថិតក្នុងបរិការណ៍ប្រឈមខាងលើ ដែលធ្វើឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិត្រឹមតែប្រមាណ ១.៣១ លាននាក់ ក្នុងឆ្នាំ២០២០ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩»។
លោករដ្ឋមន្ត្រីបានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង បានបង្ហាញសញ្ញានៃការងើបឡើង ដោយយើងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០%។ ទោះជាយ៉ាងណា និន្នាការនេះបានជួយទ្រទ្រង់ វិស័យទេសចរណ៍កម្ពុជាមួយផ្នែក ពិសេសបានជួយឲ្យមូលដ្ឋាន អាជីវកម្មទេសចរណ៍មួយចំនួន បើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូល ដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាល ដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះ ក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ ដូច្នេះហើយទើបបានជា រាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ ៕