ភ្នំពេញ៖ នគរបាលនៃស្នងការដ្ឋានខេត្តកំពត ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនបុរស២នាក់ តាមអំណាចដីកាសាលាដំបូងខេត្ត ដោយបានចោទប្រកាន់ ពីបទលួចចំណងដៃមង្គលការ ។
ជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួននេះរួមមាន៖
១-ឈ្មោះ នូវ ឌៀប អាយុ៤២ឆាំ្ន
២-ឈ្មោះ ច្រេ សារឿន អាយុ៤១ឆាំ្ន ។
បើតាមលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលខេត្តកំពត បានឱ្យដឹង ថាពួកគេទាំង២នាក់ រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។
លោកវរសេនីយ៍ទោបានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ក៏មានការសហការគ្នាជាមួយនគរបាលខេត្តកែបដែរ ដោយសារតែជនសង្ស័យរូបនេះ បានមកជួលបន្ទប់ស្នាក់នៅ ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
លោកវរសេនីយ៍បន្តថា ជនសង្ស័យទាំងនេះ ត្រូវបានចោទប្រកាន់ពីបទលួចលុយចំណងដៃ ក្នុងពិធីមង្គលការជាច្រើនកន្លែង ហើយទីកន្លែងចុងក្រោយ គឺបានលួចលុយចំណងដៃ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋ នៅភូមិត្រពាំងប្រិយ ឃុំសំរោង ស្រុកជុំគីរី ខេត្តកំពត ។
លោកវរសេនីយ៍ទោ មិនបានបង្ហាញពីចំនួននៃការបាត់បង់លុយ ដែលជាប្រាក់ចំណងដៃនោះមានចំនួនប៉ុន្មាននោះទេ? ប៉ុន្តែលោកនិយាយប្រាប់ថា មុខសញ្ញានេះបានដើរលួចលុយចំណងដៃក្នុងពិធីមង្គលការគេជាច្រើនដងមកហើយ ដូចជានៅស្រុកអង្គរជ័យ ក្នុងខេត្តកំពតនេះជាដើម ។
ហើយល្បិចលួចលុយចំណងដៃ ត្រូវបានជនរូបនេះសារភាពថា នៅក្នុងពិធីមង្គលការនីមួយៗពួកគេតែងតែទៅចូលរួម និងបានតុបតែងខ្លួនធ្វើជាភ្ញៀវខាងកូនប្រុស ឬខាងកូនស្រី ពេលនោះម្ចាស់ដើមការទាំងសងខាងមិនបានចាប់អារម្មណ៍ថា ជាភ្ញៀវខាងណានោះទេ ។ លុះពេលម្ចាស់ដើមការដេកលង់លក់អស់ ពួកគេមានឱកាសល្អ ក៏ធ្វើសកម្មភាពលួចប្រមូលយកលុយចំណងដៃនេះតែម្ដង ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើត្រូវបាននគរបាលនាំមកកន្លែងអ្នកលក់ទូរស័ព្ទនៅក្នុងភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ដែលជាកន្លែងអ្នកជួសជុលទិញ និងលក់ទូរស័ព្ទដៃនោះដែលជនសង្ស័យធ្លាប់យកទូរស័ព្ទមកលក់ តែជនសង្ស័យបានឆ្លើយមិនប្រាកដប្រជា ហើយនគរបាលក៏កំពុងប្រមូលបានវត្ថុតាងបន្ថែមនៅកន្លែងទៀតផ្សេងផងដែរ ៕