ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំស្រួច ឃាត់ខ្លួន យកមកសួរនាំករណីហិង្សា ដោយចេតនា ប៉ុនប៉ងសម្លាប់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
យោងតាមអគ្គស្នងការ នគរបាលជាតិ បានអោយដឹងថា សមត្ថកិច្ចបានទទួលបណ្តឹង ពីជនរងគ្រោះ ម្នាក់ឈ្មោះ ហ៊ឹន យុន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្តឹងឈ្មោះ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្តី ពីបទប្រើហិង្សា ដោយចេតនា ប៉ុនប៉ង សម្លាប់ រូបគាត់ ដោយយកកាំបិតផ្គាក់ យកមកកាប់គាត់។
តាមការបញ្ជាក់ឱ្យដឹង ពីជនរងគ្រោះ បានរៀបរាប់ថា ជនល្មើសជាប្ដីបានឈ្លោះ ប្រកែកជាមួយគាត់ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក លុះការឈ្លោះប្រកែក កាន់តែក្ដៅទៅៗ បុរសជាប្ដីដែលមានកម្លាំងខ្លាំងផងនោះ បានគំរាមសម្លាប់រូបគាត់ បានមួយសន្ទុះកំហឹង មិនទាន់រលត់ បុរសជាប្ដីបានស្ទុះ ទៅទាញកាំបិតផ្គាក់ដងឈើ យកមកប៉ុនប៉ង កាប់សម្លាប់តែម្ដង ប៉ុន្តែជនរងគ្រោះបានគេចផុត ត្រូវចំស្មានិងគុម្ពត្រចៀក របួសស្រាល ហើយប្ដីបានចាប់ទាញ ជាប់វៃជាច្រើនដៃនិងសង្កត់ក ពេលនោះគាត់ខំរើបំរាស់ ទើបរត់រួចចេញមកខាងក្រៅផ្ទះ ស្រែកឱ្យអ្នកភូមិជួយ។
មូលហេតុដែលកើត ជាហិង្សារហូតឈាន ដល់ការប៉ុនប៉ង សម្លាប់ ប្រពន្ធក៏ព្រោះតែភ្លើងប្រច័ណ្ឌ ប្រពន្ធជាមួយអ្នកជិតខាង។ វត្ថុតាងដកហូត បានកាំបិតផ្គាក់ដងឈើមួយ ។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ច បានហៅមកអធិការដ្ឋាននគរបាលស្រុកភ្នំ ស្រួចធ្វើការសាកសួរ និងកសាងសំណុំ រឿងអនុវត្តតាមនីតិវិធី ៕