ភ្នំពេញ ៖ នគរបាលស្រុកកែវសីមាបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ប្រើកូនកាំបិតចិតបន្លែ ចាក់ទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់ ។ ករណីខាងលើកើតឡើង នៅវេលាម៉ោង០០និង០៥នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ចំណុចឡេងណេះ ក្នុងភូមិពូកេះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនដៃដល់មានឈ្មោះ តូច សុខុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានស្រុកកំណើតស្ថិតនៅក្នុងភូមិចំបក់ ស្រុកសំរោង ខេត្តខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ខេត្តមណ្ឌលគិរី ។
ចំណែកជនរងគ្រោះមានឈ្មោះ គី វ៉ា ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅក្នុងភូមិពូត្រុំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានជនដៃដល់យកកូនកាំបិតចិតបន្លែចាក់ ត្រូវចំក្រោយខ្នងផ្នែក ខាងស្ដាំ បណ្ដាលអោយរងរបួសជាទម្ងន់។
ក្រោយពីបានទទួលដំណឹងខាងលើ កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងបានដកហូតនូវ វត្ថុតាងមួយចំនួន ក្នុងករណីប្រើប្រាស់ អំពើហឹង្សារួមមាន ៖ ១.កូនកាំបិតមួយ ប្រវែង ៣.៣ ស.ម មុខកាត់ ០.៣ សង្ទីម៉ែត្រ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី ។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជួនខ្លួនទៅតុលាការចាត់ការ ទៅតាមនីតិវិធីច្បាប់ ៕