ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ចំនួន ៧ចំណុចដល់ក្រសួង ស្ថាប័នជាតិ និងវិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តទប់ស្កាត់អំពើហិង្សាលើស្ដ្រី ក្នុងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ឆ្នាំ២០១៩-២០២៣ ។ នេះបើយោងតាមក្រសួងមហាផ្ទៃ ។
ការផ្តល់អនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងកម្មវិធីប្រកាស ផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
អនុសាសន៍ទាំង ៧រួមមាន៖
១-ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ចូលសកម្មភាពដែល ពាក់ព័ន្ធនឹងការងារបង្ការទប់ស្កាត់ និងឆ្លើយតប នឹងអំពើហិង្សាលើស្រ្តីទៅក្នុង ផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នសាមី ដើម្បីលើកគម្រោងចំណាយ និងការពារថវិកាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
២-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ដើម្បីជំរុញការបង្កើតក្រុមការងារឆ្លើយតប ជាពហុវិស័យចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ នៅគ្រប់រាជធានីខេត្តសំដៅ ពង្រឹងការផ្តល់សេវាឆ្លើយតប នឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រីប្រកបដោយគុណភាព មានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការធ្វើកិច្ចសហការគ្នានៃអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធទាំងអស់។ ទន្ទឹមនេះ រដ្ឋបាលស្រុកត្រូវពិនិត្យលទ្ធភាព ក្នុងការរៀបចំក្រុមការងារនេះនៅកម្រិតថ្នាក់ស្រុក ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកដល់សហគមន៍។
៣-ត្រូវបន្តពង្រឹងកិច្ចសហការនិងការទទួលខុសត្រូវខ្ពស់របស់អ្នកផ្តល់សេវា ក៏ដូចជាកិច្ចសហការល្អ និងជិតស្និទ្ធរវាងនគរបាលជាតិ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌របស់ ក្រសួងកិច្ចការនារីប្រតិបត្តិករ ពាក់ព័ន្ធទាំងអស់ដែលធ្វើកិច្ចអន្តរាគមន៍ ការផ្តល់កិច្ចការពារ និងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
៤-អ្នកធ្វើអន្តរាគមន៍ជួយជនរងគ្រោះ អ្នកផ្តល់សេវាជូនជនរងគ្រោះ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពរបស់ជនរងគ្រោះ កូនរបស់ជនរងគ្រោះ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ និងជនដែលអាចទទួលរងអំពើហិង្សា ដោយស្នើសុំសេចក្តីសម្រេច រដ្ឋបាលរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងករណីបទល្មើសហិង្សា ក្នុងគ្រួសារដែលបានកើតឡើង កំពុងកើតឡើង និងអាចនឹងកើតឡើង ដើម្បីធានាឱ្យបាននូវការផ្តល់កិច្ចការពារ ទាន់ពេលវេលានិងសមស្រប ដោយអនុលោមតាមច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៅជាធរមាន។
៥-ត្រូវបន្តផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងដល់មន្រ្តីអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ ជាពិសេសនៅតំបន់ដាច់ស្រយាល ទាក់ទងនឹងច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះនិងច្បាប់ពាក់ព័ន្ធ ឬសគល់និងផលប៉ះពាល់នៃអំពើហិង្សាលើស្រ្តី និងបញ្ហាយេនឌ័រផ្សេងទៀត។
៦-ត្រូវបង្កើនការស្វែងរកការគាំទ្រមតិ និងខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹង ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គម ដែលរើសអើងលើស្រ្តី ក្មេងស្រីនិងជនងាយរងគ្រោះ និងលើកកម្ពស់វប្បធម៌អហិង្សា។
៧-ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវខិតខំ បង្កើនចំនួនកងកម្លាំងនគរបាល មន្ត្រីបម្រើការងារនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ស្មៀនឃុំ សង្កាត់ និងមេធាវីជាស្រ្តី ដើម្បីលើកកម្ពស់ការផ្តល់ កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីរងគ្រោះ ដើម្បីឆ្លើយតបនឹងតម្រូវការយេនឌ័រ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕