មេប៉ូលិសជាន់ខ្ពស់ ប្រាប់ភ្នាក់ងារសន្ដិសុខ ឯកជនទាំងអស់ ហាមប្រើអំពើហិង្សា ដាច់ខាតពេលចាប់ បានជនល្មើស

0

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានប្រាប់ទៅភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ នៅពេលចាប់ បានជនប្រព្រឹត្តបទល្មើស ណាម្នាក់ ត្រូវរាយការណ៍បន្ទាន់ភ្លាមៗ ទៅកាន់មន្ដ្រីនគរបាលមូលដ្ឋាន ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលនៅជិតបំផុត ហើយហាមប្រើប្រាស់អំពើហិង្សា ដាច់ខាត។នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

ក្នុងពិធីបិទវគ្គបំប៉ន ជំនាញភ្នាក់ងារ សន្ដិសុខឯកជន លើកទី៣០ ដែលរៀបចំ ដោយនាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន លោក ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានណែនាំទៅកាន់ ភ្នាក់ងារសន្ដិសុខ ឯកជន ទាំងអស់ទៀត ថាក្រៅពីរាយការណ៍ នៅពេលចាប់បាន ជនប្រព្រឹត្តបទល្មើស ហើយនោះ ភ្នាក់ងារសន្ដិសុខឯកជន ក៏មានតួនាទីត្រូវចូលរួមរក្សា និងការពារទីតាំងកើតហេតុផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កម្លាំងនគរបាលជំនាញ បំពេញកិច្ចការងារស្រាវជ្រាវ។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានថ្លែងយ៉ាងដូច្នេះថា «នៅពេលយើងឃាត់ជនល្មើសបាន យើងត្រូវរាយការណ៍ទៅប៉ុស្ដិ៍ន គរបាលដែលនៅជិត ដើម្បីឲ្យសមត្ថកិច្ចមកជួយ និងយកជនល្មើសនោះទៅចាត់ វិធានការតាមផ្លូវច្បាប់ ហើយភ្នាក់ងារ សន្ដិសុខឯកជន មិនអាចឃាត់ជនល្មើសនោះយូរ បាននោះទេជាពិសេស នៅពេលគោលដៅ យើងការពារមានហេតុការណ៍កើតឡើង យើងត្រូវជួយការពារកុំឲ្យ បាត់ស្ថានភាព ដែលកើតហេតុដំបូង ហើយទុកឲ្យសមត្ថកិច្ច បន្ដកិច្ចការជំនាញ» ។

អគ្គស្នងការរង នគរបាលជាតិរូបនេះ ក៏បានក្រើនរំលឹកដល់ភ្នាក់ងារ សន្ដិសុខ ទាំងអស់ទៀតថា នៅពេលបំពេញការងារ ត្រូវពាក់ឯកសណ្ឋាន ដែលក្រុមហ៊ុន ឬសហគ្រាសដែល ខ្លួនកំណត់ឲ្យបានត្រឹមត្រូវ ពិសេសត្រូវមានផ្លាកសញ្ញា ច្បាស់លាស់ ក៏ដូចជាសម្ភារ ដែលត្រូវបំពាក់នៅលើខ្លួន ហើយពិសេសត្រូវធ្វើជា គំរូដល់ប្រជាពលរដ្ឋ។

លើសពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានណែនាំដល់ភ្នាក់ងារ សន្ដិសុខឯកជន ដែលទទួលបានការបំប៉នជំនាញ រយៈពេល២ថ្ងៃ មកនេះត្រូវយកចំណេះដឹង ដែលទទួលបានទៅប្រើប្រាស់ ក្នុងការបំពេញតួនាទី ភារកិច្ចឲ្យបានត្រឹមត្រូវ ជៀសវាងនូវការប្រព្រឹត្ត អំពើដែលខុសឆ្គង និងខុសនឹងច្បាប់ដែលបានកំណត់។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវចូលរួមចំណែកថែរក្សា សន្ដិសុខសណ្ដាប់ធ្នាប់ សង្គម ជាពិសេសរួមគ្នា អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានចេញ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមចំណែកទប់ស្កាត់បទល្មើស ដែលកើតឡើងនៅមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារ សន្ដិសុខឯកជន លើកទី៣០នេះ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

លោកប្រធាននាយកដ្ឋាន បានបន្ដថា វគ្គបំប៉នជំនាញនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារ សន្ដិសុខឯកជន ដែលមានជំនាញនិងលក្ខណៈសម្បត្តិ គ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែក ក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា សិក្ខាកាមបានទទួលនូវមេរៀន ដែលរៀបចំចងក្រង ដោយយកចិត្តទុកដាក់ ក្នុងនោះផ្ដោតទៅលើមេរៀន ដូចជា៖
ទី១៖ តួនាទី និងភារកិច្ចភ្នាក់ងារសន្ដិសុខឯកជន,
ទី២៖ វិធីសាស្ដ្រការពារ គោលដៅ
ទី៣៖ វិធានការណ៍ ពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ
ទី៤៖ កិច្ចសហការជាមួយ ភ្នាក់ងារ សន្ដិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន
ទី៥៖ ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់ភ្នាក់ងារសន្ដិសុខ ឯកជន
ទី៦៖ ការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុរបស់ភ្នាក់ងារសន្ដិសុខឯកជន
ទី៧៖ ពិនិត្យ និងវិភាគកន្លែងកើតហេតុ និងឧបសម្ព័ន្ធ សញ្ញាចរាចរណ៍ផ្លូវគោក៕