ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការវាយតម្លៃកម្រិតចំណេះដឹង របស់សិស្សគ្រប់កម្រិតថ្នាក់ នៅសប្តាហ៍ទី១ នៃដើមឆ្នាំសិក្សាថ្មី ហើយក្នុងករណីក្រោយការធ្វើតេស្ត ឃើញថាចំណេះដឹងរបស់សិស្ស មិនទាន់ពេញលេញដើម្បីចាប់ផ្តើមកម្រិតថ្នាក់ នៃឆ្នាំសិក្សាថ្មីបាន គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា និងគ្រូបង្រៀនត្រូវបង្រៀនបំពេញបន្ថែម លើគម្លាតចំណេះដឹង នៃកម្រិតថ្នាក់នៃឆ្នាំសិក្សាចាស់រយៈពេល ១ខែបន្ថែមទៀត ។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំងអស់ត្រូវអនុវត្តតាម “កម្មវិធីសិក្សាបង្រួញ” ដែលក្នុងនោះរួមមាន មុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជម្រើស។ មុខវិជ្ជាកាតព្វកិច្ច សំដៅដល់មុខវិជ្ជា ដែលយកធ្វើជាមុខវិជ្ជាប្រឡងថ្នាក់ជាតិ ជាពិសេសសម្រាប់ថ្នាក់ទី៩ និងថ្នាក់ ទី១២ និងត្រូវអនុវត្តតាម ម៉ោងសិក្សាទាំងស្រុង ដូចបានកំណត់ក្នុងកម្មវិធីសិក្សាគោល។ មុខវិជ្ជាជម្រើសសំដៅដល់មុខវិជ្ជា ដែលគណៈគ្រប់គ្រងសាលារៀនត្រូវធ្វើការវាយតម្លៃ និងអនុវត្តតាមស្ថានភាពជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សានីមួយៗ និងតាមពេលវេលានៅសល់ ពីការអនុវត្តមុខវិជ្ជាកាតព្វកិច្ច ដោយត្រូវអនុវត្តតាមរូបភាព៖ ១.ការបង្រៀនបត់បែន ទៅតាមម៉ោងសិក្សាដែលនៅសល់ពីការបង្រៀនមុខវិជ្ជាកាតព្វកិច្ច ២.ការជ្រើសរើសមុខវិជ្ជា និង/ ឬមេរៀនជាអាទិភាពមកបង្រៀន និងត្រូវអនុវត្តវិធីសាស្រ្តបង្រៀនតាមបែបចម្រុះ ដូចជា៖ ក.ការបង្រៀនក្នុងថ្នាក់ ខ.ការប្រើប្រាស់កម្រងកិច្ចការផ្ទះ និងមេរៀនសង្ខេបដែលក្រសួងបានរៀបចំ គ.ការធ្វើស្វ័យសិក្សា។ ឃ.ការបង្រៀនដោយប្រើប្រាស់វីដេអូ ។
ជាមួយគ្នានោះដែរ ដើម្បីធានាថា ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សាមានប្រសិទ្ធភាព ក្រសួងសូមធ្វើការ ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដូចខាងក្រោម៖
-ត្រូវធ្វើការវាយតម្លៃកម្រិតចំណេះដឹង របស់សិស្សគ្រប់កម្រិតថ្នាក់ នៅសប្តាហ៍ទី១ នៃដើមឆ្នាំសិក្សា ។ ក្រោយការធ្វើតេស្ត ប្រសិនបើចំណេះដឹងរបស់សិស្ស មិនទាន់ពេញលេញដើម្បីចាប់ផ្តើមកម្រិតថ្នាក់ នៃឆ្នាំសិក្សាថ្មីបាន គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា និងគ្រូបង្រៀនត្រូវបង្រៀនបំពេញបន្ថែម លើគម្លាតចំណេះដឹង នៃកម្រិតថ្នាក់នៃឆ្នាំសិក្សាចាស់ (២០១៩-២០២០) នៅក្នុងខែទី១នៃឆ្នាំសិក្សាថ្មី (ពីថ្ងៃទី១១ ខែមករា ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១)។
-ចំពោះថ្នាក់ទី៩ និងទី១២ ត្រូវផ្តោតជាអាទិភាព ដោយត្រូវបង្រៀនឱ្យ បានពេញលេញលើមុខវិជ្ជា ចំនួន១០រួមមាន ភាសាខ្មែរ/អក្សរសាស្ត្រខ្មែរ គណិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីនិងបរិស្ថាន វិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិទ្យា និងភាសាបរទេស (ព្រមទាំងមុខវិជ្ជាព័ត៌មានវិទ្យា ប្រសិនបើអាចមានលទ្ធភាព) ។
មុខវិជ្ជាជម្រើសត្រូវបង្រៀនតាមភាពបត់បែន អាស្រ័យទៅតាមម៉ោងសិក្សា ដែលនៅសល់ពីការបង្រៀនមុខវិជ្ជាកាតព្វកិច្ច ។
សូមបញ្ជាក់ផងដែរថា យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ៕







