ស្គាល់អត្តសញ្ញាណ ជនដៃដល់ បាញ់សម្លាប់ប៉ូលិស ព្រហ្មទណ្ឌកម្រិតស្រាល គឺជាយោធាផ្កាយ១

0

ភ្នំពេញ៖ នៅទីបំផុត អត្តសញ្ញាណជនដៃដល់ ដែលបានបាញ់សម្លាប់ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កើតចេញពីរឿងគ្រោះថ្នាក់ ចរាចរណ៍នោះ ត្រូវគេអះអាងថាឈ្មោះ រ៉េន មានឋានៈ ជាឧត្តមសេនីយ៍ត្រី(ផ្កាយ១)  ។

បើតាមសមត្ថកិច្ចគិតត្រឹមម៉ោង៥និង១៧ល្ងាចថ្ងៃទី០៥ មករា ២០២១នេះ ជនសង្ស័យបាននឹងកំពុងរត់គេចខ្លួនដល់ស្រុកលំផាត់ ខេត្តរតនគិរីហើយ ក្រោយគេចខ្លួនពីស្រុកកោះញែក ខេត្តមណ្ឌលគិរីកាលពីយប់មិញ ហើយសមត្ថកិច្ចកំពុងឡោមព័ទ្ឋ ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ ។

សូមបញ្ជាក់ថា អំពើបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង១២៖០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមជនសង្ស័យដែលបើកររថយន្តដឹកជនដៃដល់បាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ កែ ចាន់មាន កាលពីថ្ងៃទី០៣ មករា នៅចំណុចផ្ទះជួលជិតប៉ាឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងនោះបានឲ្យដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។

ពេលមកដល់ កន្លែងកើតតហេតុ ខ្លួនបានបើករថយន្តបុកគូទ រថយន្តជនរងគ្រោះពីក្រោយ ។ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តរបស់ខ្លួន និងបានយកកាំភ្លើងខ្លីភ្ជង់ មកលើខ្លួនដើម្បីឱ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តី ជេរប្រមាថ មកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យ នៅស្ងៀម ចាំធ្វើតែតាមគេប្រាប់បានហើយ ។

ពេលកំពុងចរចាគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះ ធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លី ដែលសៀត នៅនឹងចង្កេះបាញ់ ទៅលើជនរងគ្រោះ  រួចប្រាប់ឲ្យខ្លួនបើករថយន្ត គេចពីកន្លែងកើតហេតុ តែម្តង។ ៕