ស្រីស្រឡាញ់ស្រី! នារីម្នាក់សម្រេច រត់មកលោតទឹកសម្លាប់ខ្លួន ពេលដឹងថាគូស្នេហ៍ដូរចិត្ត ទៅស្រលាញ់ប្រុសវិញ

0

ភ្នំពេញ៖ នារិវ័យក្មេងស្រស់ស្អាតម្នាក់ បានសម្រេចចិត្ត រត់មកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វាចាស់ ក្រោយគូស្នេហ៍ដែលជាស្រីដូចគ្នា បែកចិត្តទៅស្រលាញ់មនុស្សប្រុសវិញ ហើយមានជនឆ្លៀតឱកាស មកលួងលោមនិងបន្លំលួចយកទូរស័ព្ទ របស់នាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមនារីរងគ្រោះបានរៀបរាប់ថា រូបនាងជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយមូលហេតុដែលធ្វើឱ្យនាងតូចចិត្តគិតខ្លី ប៉ុនប៉ងបញ្ចប់ជីវិតបែបនេះ គឺដោយសារតែនាងតាមទាន់ សង្សារកំពុងលួចទាក់ទងបង្កាត់ភ្លើងស្នេហ៍ ជាមួយសង្សារថ្មីជាមនុស្សប្រុស ក្នុងផ្ទះស្នាក់នៅម្តុំផ្សារសូរិយា។

នារីរូបនេះបន្តថា ដោយសារតែនាងតាមទាន់ ឃើញសភាពបែបនេះផ្ទាល់នឹងភ្នែក ហើយមិនអាចទទួលយកបាន ទើបធ្វើឱ្យនាងខូចចិត្តបានត្រឹម អង្គុយយំសោកសៅតែម្នាក់ឯងនៅ ក្រោមផ្ទះ។ បន្ទាប់មកក៏មានបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលមកលួងលោមនាង និងបានបន្លំលួចយកទូរស័ព្ទមួយគ្រឿងរបស់នាង រួចគេចខ្លួនបាត់ទៅ ដែលរឹតតែធ្វើឱ្យនាងតែលតោល ព្រោះសង្សារក៏បោះបង់ចោល រីឯទូរស័ព្ទក៏គ្មាន រកអ្វីទាក់ទងទៅអ្នកផ្ទះនៅឯស្រុកកំណើតមិនបាន ធ្វើឱ្យនាង សុញគំនិត គិតអ្វីលែងចេញក៏សម្រេចចិត្ត មកលោតទឹកពីលើស្ពានជ្រោយចង្វា ដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនបានសម្រេចនោះទេ ព្រោះមានអ្នកជួយឃាត់នាងទាន់ពេលវេលា។

ក្រោយកើតហេតុ នារីគិតខ្លីត្រូវសមត្ថកិច្ចនាំ ទៅកាន់ប៉ុស្តិ៍នគរបាលស្រះចកណែនាំ និងទាក់ទងហៅសាច់ញាតិឱ្យ មកទទួលយកនាងត្រឡប់ទៅវិញ ៕