ក្រសួងប្រកាសថា ពលករខ្មែរ ទើបមកពីប្រទេសថៃ ២នាក់ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃចំនួន ២នាក់ ឆ្លងកូវីដ១៩ ខណៈមិនមានករណីជាសះស្បើយនោះទេ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ធ្នូនេះ បានឲ្យដឹងថា អ្នកទាំង ២នាក់ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ នោះរួមមាន៖

១.ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

២.ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៣១ ធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦១នាក់ និងកំពុងទទួលការព្យាបាល ៥នាក់ ៕