ភ្នំពេញ៖ គួរឲ្យអាសូរណាស់ ប្រពន្ធកូនខំតាមរក ៣ថ្ងៃហើយ នៅតែមិនឃើញ ដល់ពេលបានជួបឃើញប្ដីដេកស្លាប់ ក្នុងរថយន្តហើមស្អុយបាត់ទៅហើយ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង៨ ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ ចំណុចផ្លូវលេខ៥១ (ផ្លូវប៉ាស្ទ័រ) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ នួន រ៉ាន អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះ ស៊ីម សាវន អាយុ៤៣ឆ្នាំ មានកូនចំនួន ៣នាក់ (ប្រុស ២នាក់ ស្រីម្នាក់) មានទីលំនៅភូមិតាងួន ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ និងមានសស្រុកកំណើតនៅ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមអ្នករត់រថយន្តតាក់ស៊ីមួយក្រុម នាំគ្នាបានប្រទះឃើញបុរសម្នាក់ ជាមិត្តភក្តិជាអ្នករត់តាក់ស៊ីដូចគ្នា បានប្រទះឃើញបុរសរងគ្រោះដេកស្លាប់នៅក្នុងរថយន្តរបស់គាត់មួយគ្រឿងម៉ាក ហាយ ឡែនឌ័រ ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ២AI-៨៩៣២ នៅលើចិញ្ចើមផ្លូវលេខ៥១ ក្បែររបងសាលាអន្តរាជាតិមួយកន្លែងខាងលើ។ ពេលដែលបានទទួលដំណឹងនេះភ្លាមកម្លាំងរបស់លោក ធ្វើការជាមួយកម្លាំងជំនាញរបស់ការិយាល័យ នៃស្នងការ នគរបាលរាជធានីភ្នំពេញ បង្កើតជាគណៈកម្មាធិការចុះមកធ្វើការត្រួតពិនិត្យនៅបរិវេណខាងលើ និងបានហៅរថយន្តសាមុយមកដឹកយកសាកសពដែលមានសភាពហើម និង មានក្លិនស្អុយទៅហើយនេះ ទំនងជាជាបានស្លាប់ បាត់បង់ជីវិត អស់រយៈពេលពី ២ទៅ ៣ថ្ងៃមកហើយនេះ យកទៅកាន់វត្តទឹកថ្លា ដើម្បីធ្វើការត្រួតពិនិត្យ និង កោសលវិច្ច័យផងដែរ។
តាមសម្ដីស្ត្រីជាប្អូនជីដូនមួយ ជនរងគ្រោះបានរៀបរាប់ថា បុរសរងគ្រោះជាបងជីដូនមួយ របស់នាងបានបាត់ចេញពីផ្ទះតាំងពីវេលាម៉ោង ប្រមាណជា ១០យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០មកម្លេះ ហើយក្រុមគ្រួសារក៏បានដើររក និង តេទូរស័ព្ទចូលដែរតែមិនមាន អ្នកលើក ហើយក្រុមអ្នករត់តាក់ស៊ីជាមួយគាត់ ក៏នាំគ្នាស្វែងរកដែរតែមិនឃើញ។ លុះមកដល់ព្រឹកនេះទើបពូៗជាអ្នករត់ រថយន្តតាក់ស៊ីជាមួយគ្នាបានប្រទះឃើញរថយន្តរបស់គាត់ចតលើចិញ្ចើមផ្លូវ ក្បែររបងសាលារៀននេះ ហើយទៅអើតមើល ក៏បានឃើញទម្លាក់កញ្ចក់ម្ខាងបន្តិច ចាក់សោរជាប់ខាងក្នុង និងមើលទៅម្ខាងក៏បានឃើញរូបគាត់ ដេកខ្លួនមានសភាពហើម ខ្មៅរល និងធំក្លិនស្អុយទៅហើយទើបបាន ប្រាប់ពួកគាត់អោយបានដឹង និងនាំគ្នាមកមើល ។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន ធ្វើការសហការជាមួយនិងកម្លាំងជំនាញ នគរបាលនៃការិយាល័យ កោសលវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យ និង កោសល្យវិច្ច័យទៅលើសាកសពរបស់ បុរសជាអ្នករត់តាក់ស៊ីរងគ្រោះខាងលើបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ដោយសារតែគាំងបេះដូង ទើបធ្វើការប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ចំណែកឯរថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿងនោះ ក៏បានធ្វើការប្រគល់ទៅអោយស្ត្រីជាប្រពន្ធវិញផងដែរ ៕