ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូប្រញាប់ប្រញាល យកកាដូតុក្តាទៅជូនសង្សារ ក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស ចៃដន្យក៏ជ្រុលទៅបុករថយន្ត Rolls Royce មួយគ្រឿង ពេញទំហឹងបណ្ដាល ខូចខាតយ៉ាងដំណំ ប៉ុន្តែតែសំណាងល្អជួបម្ចាស់ចិត្តធម៌ មិនទាមទារសំណង គ្រាន់តែធ្វើការណែនាំបន្តិចបន្តួច ។ ករណីនេះបានកើតឡើង កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល។
យុវជនខាងលើឈ្មោះ មាន តាំងលី អាយុ២០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ1H-4751។ ចំណែករថយន្តម៉ាក Rolls Royce នោះពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-8888 ជាកម្មសិទ្ធិរបស់ឈ្មោះ មាន សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ អគ្គនាយករង និងជានាយកប្រតិបត្តិ បុរីលាភសំណាង មានទីលំនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល។
បើតាមសម្ដីម្ចាស់រថយន្តបានរៀបរាប់ថា នៅមុនពេលកើតហេតុ លោកបើកបររថយន្ត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះ ពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឃើញយុវជនរូបនោះ ជិះម៉ូតូក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ពីកើតទៅលិច យ៉ាងលឿនសម្ដៅមករថយន្តរបស់លោក។ បន្ទាប់ពីបានឃើញបែបនេះ លោកបានអែបខាង និងឈប់រថយន្ត ដើម្បីគេចចេញដែរ តែនៅតែត្រូវយុវជននេះជិះម៉ូតូមកបុកទៀត បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ និងបែកកង់មុខខាងស្ដាំ។ បន្ទាប់មកលោកបានធ្វើការសួរនាំ ហើយយុវជននោះបានប្រាប់ថា រូបគេកំពុងជិះម៉ូតូយកកាដូជូនមិត្តស្រី ដែលធ្វើការងារនៅក្នុងបុរីលាភសំណាង របស់លោកនោះដែរ ហើយស្រាប់តែម៉ូតូជាប់ហ្គារ ទើបជ្រុលមកបុករថយន្តបែបនេះ។ ម្យ៉ាងទៀតលោកបានដឹងថា យុវជននេះ គឺជាក្មេងកំព្រាដោយតាំងពីតូច ដល់ធំធ្លាប់ស្នាក់នៅក្នុងវត្ត ហើយសព្វថ្ងៃមានមុខរបរ ជាជាងសំណង់ទៀត ជាហេតុធ្វើឲ្យលោកមានការ អាណិតអាសូរជាខ្លាំង ទើបលោកមិនបានទាមទារសំណងអ្វីឡើយ ខណៈដែលយុវជននេះ លើកដៃសំពះទទួលកំហុស ៕