ភ្នំពេញ៖ ពិតជាសាហាវមែន ចោរមួយក្រុមនាំគ្នា ចូលលួចគោអ្នកស្រុក ព្រលះសាច់ច្រកបាវ ដោយក្នុង១ក្បាល ចំណាយពេលត្រឹម ៣០នាទីប៉ុណ្ណោះ ។ ហើយអ្វីហួសចិត្តនោះ សាធារណជនពិតជា សម្ដែងនូវការងឿងឆ្ងល់ថា ហេតុអី ចោរលួចគោ ព្រលះយកតែសាច់ ដោយទុកក្បាលឱ្យម្ចាស់ ។
ពាក់ព័ន្ធករណីនេះដែរ ដោយបានការចង្អុលដឹកនាំ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ
សមត្ថកិច្ចនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យឹម សុធារិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភួមិទី៦(វាលធំ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ពាក់ពន្ធ័ករណីចោរកម្ម(លួចគោ) ចំនួន២ក្បាល នៅចំណុចក្រោលគោក្រោយផ្ទះ ស្ថិតក្នុងភូមិក្រាំងមេត្រី(ត្រពាំងខ្លុង) ឃុំដំបូករូង ស្រុកភ្នំស្រួច។
ក្នុងប្រតិបត្តិការនោះដកហូតវត្ថុតាងមួយចំនួនរួមមាន៖ សោកន្ទុយអន្ទង់១ (សម្រាប់កាច់កម៉ូតូ) កន្រ្តៃ១ ដែកកាប់១ អត្តសញ្ញាបណ្ណ័សញ្ជាតិខ្មែរ១ ខ្សែចងគោ ១ខ្សែ មួក១ ម៉ាស១ ស្រោមដៃ១ និងកាតេ “បាវ”។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានលួចគោ ព្រលះយកសាច់នៅស្រុកភ្នំស្រួច និងទីកន្លែងផ្សេងទៀត ។ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដ ចំណែកសត្វគោពីក្បាលបានប្រគល់ជូនម្ចាស់វិញ ៕






