សម្ដេចតេជោ ដាស់តឿនអាជ្ញាធរ ឲ្យចៀសវាងការបញ្ចូលសាច់ញាតិ ដែលមិនមែនជាគ្រួសារក្រីក្រ ឲ្យទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល

0

ភ្នំពេញ៖ ស្របពេលដែលប្រកាសបន្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនជាថ្មី ដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារឲ្យត្រឹមត្រូវ ប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ជាពិសេសត្រូវចៀសវាងការដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។

សូមរំលឹកថា កាលពីទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្នុងអំឡុងពេលថ្លែងសារពិសេស ទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ធ្នូ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្រេចបន្តផ្តល់ការឧបត្ថម្ភ ពីព្រោះដោយមើលឃើញថា កម្មវិធីនេះពិតជាកំពុងបាន ចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់ បងប្អូនប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៍ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។

សម្ដេចបន្តថា ចាប់តាំងពីការចាប់ផ្តើម បើកប្រាក់ឧបត្ថម្ភលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសម្តេចតេជោចង់ផ្តល់សាច់ប្រាក់នេះ ឱ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ។ ការងារបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាជាថ្មីម្តងទៀត ដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និង ប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ហើយត្រូវចៀសវាងឱ្យខានតែបាននូវការយោគយល់ និងឃុបឃិតគ្នា ដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ត ឬ អ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ផ្ទុយពីនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រតាមការស្នើសុំ។

ដើម្បីឲ្យការងារធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រនេះកាន់តែធានា បាននូវប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងផែនការ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពិនិត្យ តាមដានការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាបន្ទាន់ ប្រសិនបើរកឃើញថា មានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

សម្តេចតេជោ ហ៊ុន សែន នឹងចាត់វិធានការណ៍ក្តៅ និងមិនលើកលែងជាដាច់ខាត ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថា មានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុង ភូមិ ឬ ឃុំ-សង្កាត់ ណាមួយ ៕