រាស្រ្តរងគ្រោះដោយខ្យល់ព្យុះ ៣៥គ្រួសារ នៅខេត្តស្វាយរៀង ទទួលបានព្រះរាជអំណោយពី ព្រះមហាក្សត្រ និងសម្ដេចម៉ែ

0

ភ្នំពេញ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់ព្យុះចំនួន ៣៥ គ្រួសារក្នុងស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីជួយសម្រាលការលំបាក ក្នុងជីវភាពរបស់ប្រជារាស្ត្រ ។

ក្នុងនោះគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ ស្មើនឹង៥០គីឡូ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះ មាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ១ ថវិកា ចំនួន៨០០ពាន់រៀល សម្រាប់ប្រជារាស្ត្ររងគ្រោះរលំផ្ទះចំនួន៤ខ្នង និងថវិកាចំនួន ៤០០,០០០ រៀល សម្រាប់ប្រជារាស្ត្ររងគ្រោះដោយរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ៣១ខ្នង។