ភ្នំពេញ៖ ក្រោយពីមានការផ្ទុះការរិះគន់ ទៅលើក្មេងទំនើង ដែលបង្ហោះម៉ូតូនៅលើផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង រួចមកនៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០នេះ អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានចាត់កម្លាំង ធ្វើការស៊ើបអង្កេតស្រាវជ្រាវ រកមុខសញ្ញានេះ ហើយនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុង បានធ្វើការកំណត់មុខសញ្ញា ក្មេងបង្ហោះម៉ូតូបង្កការភ្ញាក់ផ្អើ តាមដងផ្លូវជាតិលេខ១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលនៃស្រាវជ្រាវឈានទៅឃាត់ខ្លួន បានចំនួន០២នាក់
ទី១ ឈ្មោះ គង់ សិរីសុនីតិ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ:សិស្ស មានអាស័យដ្ឋាននៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ទី២ ឈ្មោះ មាស ចាន់សុផាវីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានអាស័យដ្ឋាននៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ក្មេងទំនើងទាំងពីរនាក់នេះ បានធ្វើកិច្ចសន្យាអប់រំ អោយកែខ្លួនឡើងវិញ បញ្ឈប់ការបង្ហោះម៉ូតូ។
កម្លាំងនគរបាលនៅបន្តធ្វើការស្រាវជ្រាវ រកក្មេងទំនើងបង្ហោះម៉ូតូផ្សេងទៀត យកមកធ្វើការអប់រំ ។
ជាមួយគ្នានេះ អាជ្ញាធរក៏សូម សំណូមពរ មាតាបិតា អាណាព្យាបាល ណែនាំកូនចៅអោយបានល្អ កុំបណ្តោយអោយបង្ហោះម៉ូតូ ព្រោះគ្រោះថ្នាក់ចរាចរណ៍ អាចកើតមានគ្រប់វិនាទី។
គួររំលឹកថា ក្រុមក្មេងទំនើងជាច្រើននាក់ បាននាំគ្នាបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១ សង្កាត់ចេក ក្រុងស្វាយរៀង ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង ចំពោះក្មេងទំនើងទាំងនោះ ដែលខ្លាចបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរនិងស្នើឲ្យ សមត្ថកិច្ចចាប់ក្មេងទំនើងទាំងនោះ មកអប់រំនិងធ្វើកិច្ចសន្យា ឲ្យបានត្រឹមត្រូវ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថាមានក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវជាតិលេខ១ ខាងមុខវិទ្យាល័យចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ២០២០នេះ ដែលមិនខ្លាចរអាសមត្ថកិច្ច បន្តិចសោះ ប្រសេចប្រសាច តាមផ្លូវដូចត្រីចង្វាត្រូវភ្លៀង៕