ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានអោយដឹងថា អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ និង សមាជិកគ្រួសារ អ្នកបើកបរ ព្រមទាំងមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលប៉ះពាល់ជាមួយ អគ្គនាយកពន្ធនាគារ សរុបទាំងអស់ចំនួន៣នាក់ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានព្យាបាលជាសះស្បើយពី កូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏អោយដឹងផងដែរថា កុមារាអាយុ១ឆ្នាំម្នាក់ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ត្រូវបានរកឃើញថា បានឆ្លង កូវីដ-១៩ ដោយពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ។
ទន្ទឹមនេះ ក្រសួងសុខាភិបាល ប្រកាសថា មនុស្ស២នាក់ទៀត ក៏បានឆ្លង កូវីដ-១៩ ដែរ តែជាករណីនាំចូលពីក្រៅប្រទេស ។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៣១២នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៥០នាក់ (គ្មានអ្នកស្លាប់)៕


