ច្រើនណាស់! បំបែកសំណុំរឿង គ្រឿងញៀនជិត១០គីឡូក្រាម ឃាត់ខ្លួនមនុស្ស៤នាក់

0

ភ្នំពេញ៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៤នាក់រួមនិងថ្នាំញៀន៩គីឡូក្រាម ទៅតុលាការដើម្បីផ្ដន្ទាទោស តាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនកាល ពីរសៀលថ្ងៃ១៣ ខែធ្នូឆ្នាំ២០២០នេះ។

សមត្ថកិច្ចកងរាជអាវុធខេត្តស្វាយរៀង បានឲ្យដឹងថាកាលនៅវេលាម៉ោង ២០:១៥ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយទាប បានធ្វើការល្បាតតាមដងផ្លូវ រហូតដល់ម៉ោង ០១:៣០ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងល្បាតមកដល់ចំណុចផ្សារប្រសូត្រ ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា ខណៈដែលកម្លាំងល្បាត មានការសង្ស័យបុរសម្នាក់ ដែលជិះម៉ូតូ មានការ៉ុងពណ៌ស ជិះសំដៅទៅត្បូងតាមផ្លួវ ៣១៤ D ផ្លូវទៅស្រុកកំពង់រោទិ៍ ពេលនោះសមត្ថកិច្ច ក៏តាមដេញពីក្រោយ ជនសង្ស័យដឹងខ្លួន ក៏ផ្តួលម៉ូតូរត់គេចខ្លួន ចោលម៉ូតូចំនួន ០១គ្រឿង និងការ៉ុងចំនួន០១ ក្រោយពីសមត្ថកិច្ចឆែរឆេរ ក្នុងការ៉ុងរកឃើញមានម្សៅ ក្រាមពណ៌សថ្លាចំនួន០៩ កញ្ចប់ធំមានទម្ងន់ ៩,០៨២ ក្រាម (គិតទាំងសំបកវេចខ្ចប់) (ជនសង្ស័យរត់គេចខ្លួន) ។

បន្ទាប់មក សមត្ថកិច្ចស្រាវជ្រាវ តាមរយៈម៉ូតូបានដឹងថាៈ ម្ចាស់ម៉ូតូឈ្មោះ សុខ យ៉ាវ ដែលជាភ្នាក់ងារ របស់សមត្ថកិច្ច កងរាជអាវុធហត្ថក្រុងបាវិត បន្ទាប់មកសមត្ថកិច្ចក៏បានសាកសួរឈ្មោះ សុខ យ៉ាវ ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ចថា ឈ្មោះ ង្វៀង យ៉ាងហាយ (ហៅវៀង) បានពឹងឲ្យខ្លួនទៅរំលោះម៉ូតូឲ្យ ហើយយកម៉ូតូឲ្យឈ្មោះ ង្វៀង យ៉ានហាយ (ហៅវៀង) នៅចំណុចផ្សារប្រសូត្រ ក្រោយមកឈ្មោះ សុខ យ៉ាវ ជិះម៉ូតូមកដល់ចំណុចផ្សារប្រសូត្រ ក៏ឃើញឈ្មោះ វៀង ចុះពីលើរថយន្តឈ្មួល កាន់ការ៉ុងមួយយកមកលើកដាក់ម៉ូតូ រួចជិះទៅត្បូងបាត់ ចំណែកឈ្មោះ សុខ យ៉ាវ ក៏ឡើងជិះរថយន្តឈ្នួលទៅក្រុងបាវិត ហើយឈ្មោះ សុខ យ៉ាវ បានសហការជាមួយសមត្ថកិច្ចថា៖ ខ្លួនស្គាល់ឈ្មោះ វៀង ស្នាក់នៅបន្ទប់ជួលលេខ៣០២ អាគារអូឡាំព្យាC2 បន្ទាប់មកឈ្មោះ សុខ យ៉ាវ ក៏នាំសមត្ថកិច្ចទៅចាប់ខ្លួនឈ្មោះ វៀង នៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តថា ក្រោយពីដឹងកន្លែងស្នាក់នៅ របស់ជនសង្ស័យ មន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានស្នើសុំលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដេីម្បីឲ្យមន្រ្តីនគរបាលយុត្តិធម៌ ពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដោយសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាមួយកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថ ខណ្ឌ៧មករា។

ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ទោ អ៊ួង វិរៈរ័ត្នមុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ.ផ.ទ និងដោយមានការសម្របសម្រួល ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្ត ស្វាយរៀង និងលោក ស៊ិន វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្ថែមថា រហូតដល់ម៉ោង ១៤:១៥នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថបានចុះឆែរឆេរ បន្ទប់លេខ៣០២ ក្នុងអាគារអូឡាំព្យាC2 ស្ថិតនៅផ្លូវ២១៧ (មហាវិធីហ្សាដឺហ្គូ) ភូមិលេខ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ស្រី ០១ នាក់។

ជនសង្ស័យរួមមាន៖

ទី១.ឈ្មោះ កាវ គ័រវ៉ៃ ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូណាហ្គាទីលំនៅ បច្ចុប្បន្នស្នាក់នៅ អាគារអូឡាំព្យាC2 ផ្លូវលេខ ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទី២.ឈ្មោះ ង្វៀង យ៉ានហាយ (ហៅវៀង ឬ ទី) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅអគារអូឡាំព្យា ផ្លូវលេខ ២១៧ ភូមិ ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទី៣.ឈ្មោះ ចឹង ធីវី ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅអាគារ អូឡាំព្យា ផ្លូវលេខ ២១៧ ភូមិ ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

+ វត្ថុតាងដកហូត រួមមាន៖
ម្សៅក្រាមពណ៌សថ្លា ៣ កញ្ចប់(តូច) ពុំទាន់ថ្លឹង, ថ្នាំគ្រាប់ពណ៌ស្វាយខ្ចីចំនួន ០៤ គ្រាប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង, ប្រាក់ដុល្លារក្រដាស100 ចំនួន ៣០៣សន្លឹក, ក្រដាស២០ ចំនួន ០១សន្លឹក, ក្រដាស៥ចំនួន ០១សន្លឹក, ប្រាក់អឺរូក្រដាស១០ ចំនួន ០១សន្លឹក, ប្រាក់សាំងហ្កាពួរ២$ ចំនួន ០១សន្លឹក, ប្រាក់ចិន 10យ័ន ០១សន្លឹក, ប្រាក់រុស្សីក្រដាស៥០( ០១សន្លឹក) និងក្រដាស១០(០១សន្លឹក), ប៉ាស្ព័រចំនួន ០២, នាឡិកាដៃ ០៣ គ្រឿង, ទូរសព្ទ ០៨ គ្រឿង, លោហៈធាតុពណ៌ស(ខ្សែដៃ០១ ខ្សែក ០២ ជិញ្ចៀន ០២វង់), អត្តសញ្ញាណប័ណ្ណ ០៤សន្លឹក, សោរម៉ូតូ០២, បារីម៉ាកDouble Happiness ២ប្រអប់, ម្សៅក្រាមពណ៌សថ្លា ២ ស្បោង សង្ស័យជាសារធាតុញៀន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ច អាវុធហត្ថខេត្តស្វាយរៀង បានបន្តថាក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង ០៣នាក់ ជនសង្ស័យឈ្មោះ ង្វៀង យ៉ានហាយ (ហៅវៀង ឬ ទី) ភេទប្រុស អាយុ ៣៦ ឆ្នាំ បានសារភាពថា៖ ឈ្មោះ ណាម ដែលរស់នៅ ក្នុងក្រុងបាវិត ជាកូនចៅរបស់ឈ្មោះ កាវ គ័រវ៉ៃ និងមានទំនាក់ទំនង ទិញថ្នាំញៀន និងមានថ្នាំញៀនចំនួន ០១កញ្ចប់ទៀត ដាក់នៅក្រោម ឡាវ៉ាបូលាងដៃ ក្នុងបន្ទប់ទឹក ដែលខ្លួនឃើញឈ្មោះ សឺ បានយកទុកពេលព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មុនពេលសមត្ថកិច្ច ចូលមកដល់ ពេលដាក់ថ្នាំញៀន ហើយឈ្មោះ សឺ ក៏ចុះទៅក្រោមបាត់ ។ រហូតដល់ម៉ោង ២០:០០ នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថបានចុះ ទៅដល់ចំណុចខាងមុខ កាស៊ីណូវីអាយភី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ប្រុស ។

ឈ្មោះ តាម សុធាណា ហៅ ណាម ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ រហូតដល់ម៉ោង ០៩:០០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនជនសង្ស័យឈ្មោះ ង្វៀង យ៉ានហាយ និងជនសង្ស័យឈ្មោះ កាវ គ័រវ៉ៃ ទៅចង្អុលបង្ហាញថ្នាំញៀនចំនួន ០១កញ្ចប់ ទៀតដែលឈ្មោះ សឺ លាក់ទុកក្រោមឡាវ៉ាបូលាងដៃនៅបន្ទប់ទឹកក្នុងបន្ទប់ជួលលេខ ៣០២ ក្នុងអាគារអូឡាំព្យាC2 ឆែកឆេររកឃើញ៖ម្សៅសចំនួន ០២ ដុំ (ហេរ៉ូអ៊ីន ) មានទម្ងន់ ៧១៤.៤ ក្រាម (គិតទាំងសំបកវិចខ្ចប់) ថ្នាំសុទ្ធចំនួន ៧១១.២ ក្រាម និងសៀវភៅចំនួន ០២ ក្បាល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕