វិធានការក្ដៅ! បើហាងឬកន្លែងលក់ដូរ ណាមួយមិនស្ដាប់តាមការណែនាំ នឹងត្រូវបិទជាបន្ទាន់

0

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលរាជធានីខេត្តឱ្យតាមដានឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះតាមរយៈសារសំឡេងពិសេសថ្មីមួយទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថាការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញគឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំសូមរំលឹកចំពោះអភិបាលខេត្ត រាជធានីទាំងអស់ឱ្យបានជ្រាបសូមចុះតាមដានត្រួតពិនិត្យនៅទីតាំងលក់ដូរទាំងអស់ទាំងផ្សារ ទាំងអគារលក់ដូរនានាហើយផ្តល់ការណែនាំឱ្យពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនានាដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ សូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន »។

សម្តេចតេជោ ហ៊ុន សែន បានស្នើដោយទទូចទៅកាន់ប្រជាពលរដ្ឋឱ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលជាដើម។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា «ខ្ញុំស្នើសុំដោយទទូចចំពោះហាងលក់ដូរទាំងអស់ អ្នកលក់ដូរ អ្នករកស៊ី អ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ ហើយការចូលទៅហាង ឬការទទួលទាននានា ក៏ត្រូវអនុវត្តន៍ទៅតាមគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល»។

គិតត្រឹមព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕