ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា តាមលទ្ធផលនៃការពិភាក្សា បង្ហាញថាបុគ្គលចំនួន ២នាក់ អាចជាប្រភពនៃការចម្លងវីរុសកូវីដ១៩ ចូលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។
គួរឲ្យដឹងផងដែរថា រយៈពេល ៥ថ្ងៃប៉ុណ្ណោះ ក្រសួងបានធ្វើតេស្ដលើសំណាក ១០.១៤៧សំណាក ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន២៩នាក់ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ ធ្នូនេះ បានឲ្យដឹងថា តាមការពិភាក្សាក្នុងក្រុមការងារ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញការ អង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងដោយយោងតាមព័ត៌មានទទួលបាន ពីការធ្វើសម្ភាសន៍ផ្ទាល់ជាមួយករណីពាក់ព័ន្ធ ការសិក្សាអេពីដេមីសាស្រ្ត និងការសិក្សាផ្នែកមន្ទីរពិសោធន៍ តាមបែបវិទ្យាសាស្ត្ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកពីក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា សម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រុមការងារអាចទាញការ សន្និដ្ឋានជាបន្តទៀត ដោយផ្អែកលើ៖ ១. លំដាប់លំដោយនៃការចេញរោគសញ្ញា និងហេតុការណ៍សកម្មភាព ទំនាក់ទំនងគ្នាក្នុងសង្គម, ២. ការវិវត្តន៍នៃចំនួនមេរោគតាមបែបភីស៊ីអែរ (PCR Test), ៣. ទំនាក់ទំនងទទួលបានពីការ វិភាគវត្ថុសំណាក់អ្នកជំងឺបែបបំបែកបន្តៗគ្នា (Sequencing Covid-19 virus sample), ៤.តាមការពិចារណា ដោយហ្មត់ចត់នៃអង្គបដិបក្ខ (Antbody) ដោយពិនិត្យលើវត្ថុសំណាក ឈាមរបស់អ្នកជំងឺ ។
ក្រសួងបញ្ជាក់ថា លទ្ធផលនៃការពិភាក្សា ត្រូវបានបង្ហាញជូនដូចតទៅ៖ បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ អាចឆ្លង វីរុសកូវីដ-១៩ មុនគេ និងជាករណ៍ជាសះស្បើយ ក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១ នៃការចម្លង សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីករណ៍នាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៤នាក់ ៕