ចូលដើមបណ្ដោយ! លួចម៉ូតូគេលើកដាក់ឡានបានហើយ បំរុងបើកចេញ ប៉ូលិសតាមទាន់រត់ចូលព្រៃបាត់

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានរត់ចូលក្នុងព្រៃបាត់ស្រមោល ក្រោយធ្វើសកម្មភាព លួចកាច់បំបែកសោរកម៉ូតូ បំរុងលើកចូលក្នុងរថយន្ត ដឹកចេញ ដើម្បីបន្លំភ្នែកសមត្ថកិច្ច តែអកុសលប៉ូលិសមកទាន់។

យោងតាម ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៣និង០០នាទី ទៀបភ្លឺ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៍មានពីប្រជាពលរដ្ឋថា មានករណីអំពើចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) នៅចំណុចផ្លូវបេតុងចូលទៅភូមិថ្មី ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ឃើញជនសង្ស័យ០១នាក់ កំពុងលើកម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ដាក់ចូលក្នុងរថយន្ត បំរ៉ុងបើកចេញ គ្រាន់តែឃើញកម្លាំង សមត្ថកិច្ចយើងភ្លាម ជនសង្ស័យ បានរត់ថ្មើជើង ចូលទៅក្នុងព្រៃគេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្ត ០១គ្រឿង ម៉ាកLEXUS RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងមានម៉ូតូ០១គ្រឿង ដែលជនសង្ស័យលួចបាន ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ 1T-5150 នៅក្នុងរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

បន្ទាប់មកកម្លាំង សមត្ថកិច្ចយើងបានត្រួតពិនិត្យ នៅក្នុងរថយន្ត រកឃើញកាបូបលុយ របស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះ មានអត្តសញ្ញាណប័ណ្ណ របស់ជនសង្ស័យ ០១សន្លឹក លេខៈ ០៨០៣៦០២១០ មានឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើតៈ ០៦-១០-១៩៩២ អាស័យដ្ឋានបច្ចុប្បន្នៈ ខ័ណ្ឌដូនពេញ សង្កាត់ផ្សាថ្មីបី ទីក្រុងភ្នំពេញ ព្រមទាំងកាតធនាគារ ABA ០១សន្លឹក ៕