ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើរការ ជាបណ្ដោះអាសន្ន ធនាគារកាធេយូណាយធីត (នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ)រយ:ពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០តទៅ ដើម្បីឲ្យក្រុមការងារសុខាភិបាល ចេះយកវត្ថុសំណាក បុគ្គលិកទាំងអស់នេះ។
ជាមួយគ្នានោះ ក្រសួង បានតម្រូវការឲ្យបុគ្គលិកទាំងអស់ ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ផងដែរ។
សូមបញ្ជាក់ថា ការសម្រេចផ្អាកដំណើរការខាងលើ បានធ្វើឡើងក្រោយពីក្រសួខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ២នាក់ ក្នុងនោះ បុរសជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអស័យដ្ឋានរស់នៅសង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុនិនីវង្ស រាជធានីភ្នំពេញ) ដែលបានប៉ះពាល់ផ្ទាល់ជាមួយស្រ្តីអាយុ៣៦ឆ្នាំ ដែលរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ និងស្ត្រីជនជាតិខ្មែអាយុ ២១ឆ្នាំ មានអស័យដ្ឋានរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) និង ជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។
បច្ចុប្បន្នស្ត្រីទាំង២នាក់ ត្រូវបានឲ្យព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ៕