ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួប៥ឆ្នាំ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកំសាន្ត។ ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និង វប្បធម៌ខ្មែរហើយយើងអាចឃើញ ភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕