ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំពាវនាវទៅកាន់ បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងដោយផ្ទាល់ និងដោយប្រយោល មេត្តាទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ក្នុងន័យរួមគ្នាបង្ការការរីករាលដាល នៃមេរោគនេះ ។
សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ សម្ដេច និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ-១៩ រួចរាល់ហើយ។ សម្ដេច ក៏ដូចជាសហការី និងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអនុវត្តវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ដេចបញ្ជាក់ថា «សូមបងប្អូនដែលមានការពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងដោយផ្ទាល់និងដោយប្រយោល ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ក្នុងន័យរួមគ្នាបង្ការការរីករាលដាល នៃមេរោគនេះ» ។
ជាមួយគ្នានោះដែរ សម្ដេច ទៀ បាញ់ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវរាល់វិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបន្តចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចាកចេញពីផ្ទះបើមិនចាំបាច់ ៕