ភ្នំពេញ៖ កម្លាំងនគរបាល បានបើកប្រតិបត្តិការ ចុះស្រាវជ្រាវ និងបង្ក្រាបករណីលួច កាច់សោរយកម៉ូតូ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យដែលជាបងប្អូនបង្កើត ២នាក់ជាមុខសញ្ញាចាស់ ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជា របស់ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងស្របតាមការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងដោយអនុវត្តតាមយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ស្រាវជ្រាវនុងចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ ) នេះបានតែម្ដង ។
ជនសង្ស័យ ២នាក់បងប្អូនមានឈ្មោះ៖ ១- ជា ចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំ, ២- ជា ចាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំ ។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ស្នាក់នៅបន្ទប់ជួលភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ លេខតួ ៥២៦៥០២០ លេខម៉ាស៊ីន ៥២៦ ៥០ ២០ ពាក់ស្លាកលេខបាត់ដំបង 1AD 8405 (ជាម៉ូតូរបស់ជនរងគ្រោះ) ។ ម៉ូតូ ១គ្រឿងម៉ាក ស៊ូស៊ូគី ស្មាស់វី ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA 6367 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា មុខសញ្ញាដែលសមត្ថកិច្ចធ្វើការបង្រ្កាប និងឃាត់ខ្លួននាពេលនេះ ជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពល្មើសកន្លងមក ហើយក៏ធ្លាប់ជាប់ពន្ធនាគារចំនួន ៣លើករួចមកហើយ បើគឹតទាំងលើកនេះផង គឺត្រូវជាប់ពន្ធនាគារចំនួន ៤លើក។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕