ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៦និង១៥នាទីល្ងាច មានករណីអំពើហិង្សា ដោយចេតនា បង្កឡើងដោយឈ្មោះ សុត សៀវលីង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយយាយឈ្មោះ សុត សន អាយុ ៨៦ឆ្នាំ រស់នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន បានទះកំភ្លៀងចំនួន ២ដៃ ទៅលើយាយរបស់ខ្លួន បណ្តាលយាយវ័យចំណាស់រូបនេះ ដួលសន្លប់ និងបានយកកាំបិតប៉ុនប៉ងកាប់ ទៅលើឈ្មោះ ណឹក ម៉ៅ ភេទស្រី អាយុ ៦០ឆ្នាំ នៅភូមិជាមួយ គ្នាត្រូវជាអ៊ុំ តែមិនបានសំរេច ហើយបានកាប់បំផ្លាញចាន ឆ្នាំង អស់មួយចំនួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មាន ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ ។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះឈ្មោះ ណឹក ម៉ៅ ត្រូវជាអ៊ុំស្រីជនសង្ស័យ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ខាងលើ គឺជាមនុស្សធ្លាប់ជក់គ្រឿងញៀន និងបានផឹកស្រាស្រវឹង រួចប្រើហិង្សាទះកំភ្លៀងយាយចំនួន ២ដៃ ត្រូវទាំងសងខាង បណ្តាល ឲ្យដួលសន្លប់ ខណៈនោះដែរជនរងគ្រោះ ត្រូវបានឈ្មោះ ទ្រី ឡេង ភេទស្រី ត្រូវជាកូនឌុបម៉ូតូ យកទៅផ្ទះកូន នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ដើម្បីគេចផុតពីអំពើហិង្សានេះ ។
មន្ត្រីនគរបាលប៉ុស្តិ៍អូរតាប៉ោង បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុត សៀវលីង រួមទាំងវត្ថុតាងមានដាវ១ នាំ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកបាកាន ចាត់ការបន្ត ។
មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាល បានបន្តថា ករណីហិង្សានេះបណ្តាល មកពីជនសង្ស័យផឹកស្រាស្រវឹង ខឹងយាយជេរមិនជួយធ្វើការ ៕