អាណិតណាស់! ក្មេងប្រុសម្នាក់ ត្រូវយុវជនបែកថ្នាំ យកពូថៅកាប់ បណ្តាលឲ្យរបួសធ្ងន់ (Video)

0

ភ្នំពេញ៖ ជនវិកលចរិតម្នាក់បាត់បង់ ស្មារតីដោយសាតែជក់ថ្នាំញៀន និងផឹកស្រាខ្លាំង ស្រែកឡូឡាកាន់ពូថៅដេញកាប់ មនុស្សពេញភូមិបណ្តាលឲ្យរបួសធ្ងន់ ស្រាលចំនួន៥នាក់ ករណីយនេះកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើយោងតាមហ្វេសប៊ុក ឈ្មោះ «Meng Leap» បានសរសេររៀបរាប់ ពីការឈឺចាប់របស់ក្មេងប្រុស ម្នាក់ឈ្មោះ ឡាយ ម៉េងលាភ ថា «តើខ្ញុំត្រូវឆ្លើយយ៉ាងណាកូនមាសម្តាយ ម៉ាក់មិចជើងកូនធ្ងន់ម៉េះ កូនលើកអត់បានទេឈឺណាស់ ម៉ាក់ដៃកូនក៏លើកអត់បានដែល»។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈគណនីហ្វេសប៊ុកក៏បានរៀបរាប់បន្ថែមទៀតថា «តើកូនខ្ញុំបានធ្វើអ្វីខុស ហេតុអីចិត្តឃោឃៅយ៉ាងនេះ ចុះផ្សាយសុទ្ធតែស្រវឹងស្រា បាត់បង់ស្មារតី តែតាមពិតអានឹង វាមិនដែលផឹកស្រាផង»។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថាមានជនវិកលចរិត ម្នាក់ ឈ្មោះ ក្លឹង សំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំ បានយកពូថៅដងឈើដេញកាប់ មនុស្សពេញភូមិបណ្តាលឲ្យរបួស ធ្ងន់ស្រាល ៥នាក់ លោកក៏បានដឹកនាំកម្លាំងអាវុធហត្ថ ១ក្រុមចុះធ្វើប្រតិបត្តិការ ដល់កន្លែងកើតហេតុបានឃើញ ជនសង្ស័យមានអាការៈបាត់បង់ស្មារតី ស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃ ព្រមទាំងមានជនរងគ្រោះ ដេកដួលនៅនឹងដីចំនួន ៥នាក់ផងដែរនោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។

ក្រោយពីសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះទាំងអស់នោះពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀនខ្លាំងពេក បណ្តាលឲ្យបាត់បង់ស្មារតី ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះទាំង៥នាក់រួមមាន ទី១ ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់។ ទី២ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ។ទី៣ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់។ ទី៤ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល ។ទី៥ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំង៥នាក់ រស់នៅកន្លែងកើតហេតុ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំង ជំនាញព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមក ទីបញ្ជាការកងអាវុធហត្ថខេត្តចាត់ការបន្ត ហើយកម្លាំងការិយាល័យ ព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ ៕