អ្នកទោសម្នាក់ ខំកែខ្លួនបានជាង ៥ឆ្នាំហើយ នៅសល់តែ ៧ខែទៀតចេញពីគុក បែរជាមកត្រូវគាំងបេះដូង ស្លាប់ទៅវិញ (Video)

0

ភ្នំពេញ៖ ទណ្ឌិតពាក់ព័ន្ធ នឹងករណីជួញដូរគ្រឿងញៀនម្នាក់ ខិតខំកែខ្លួននៅក្នុងពន្ធនាគារ អស់រយៈពេលជាង ៥ឆ្នាំ ហើយនៅសល់តែ ៧ខែទៀត ត្រូវរួចទោសមានសេរីភាពឡើងវិញ ស្រាប់តែមានអាការៈថប់ដង្ហើម ត្រូវដឹកបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង តែជាអកុសលពេលគ្រូពេទ្យកំពុងពិនិត្យ និងព្យាបាល ស្រាប់តែទណ្ឌិតរូបនេះ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១១ព្រឹក ថ្ងៃទី២៣ វិច្ឆិកា ២០២០ ។

បើតាមការលើកឡើងពីឪពុក របស់ទណ្ឌិតឈ្មោះ សេក សុភ័ក្ត្រ អាយុ៣៥ឆ្នាំ បាននិយាយថា កូនរបស់គាត់ដែលជាប់ពន្ធនាគារនោះ មិនបានឈឺអ្វីធ្ងន់ធ្ងរទេ គ្រាន់តែវិលមុខបន្តិចបន្តួចប៉ុណ្ណោះ ហើយខាងពន្ធនាគារក៏បញ្ចូន មកមន្ទីរពេទ្យខេត្តតែម្តង ហើយបានចាក់ថ្នាំដាក់សេរ៉ូមរួច ក៏ស្រាប់តែក្អតចង្អោរដាច់ខ្យល់ស្លាប់តែម្តង។

ជុំវិញរឿងនេះលោក ឈួន ដារ៉ា ប្រធានអនុរក្សពន្ធនាគារខេត្តបានឱ្យដឹងថា ជនរងគ្រោះជាទណ្ឌិតឈ្មោះសេក សុភ័ក្ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្លុង ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំនិង៦ខែ ពីបទជួញដូរថ្នាំញៀន។ លោកបញ្ចាក់ថា ទណ្ឌិតរូបនេះត្រូវបានអនុវត្តទោស របស់ខ្លូនបានជាង ៥ឆ្នាំហើយ ពោលនៅសល់តែ ៧ខែទៀតតែប៉ុណ្ណោះ ទណ្ឌិតរូបនេះនឹងត្រូវបានរួចទោស មានសេរីភាពវិញហើយ។

លោកប្រធានអនុរក្ស ពន្ធនាគារបានបន្តថា មុនពេលទណ្ឌិតរូបនេះស្លាប់បាត់បង់ជីវិត ក្រោយពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត លោកថា ទណ្ឌិតរូបនេះមានអាការឈឺស្រែក រើប្រកាច់មិនអាចសង្គ្រោះបាន។ ក្រោយពេលមន្ត្រីអនុរក្សជួយ ធ្វើចលនាមិនបានធូរស្រាល ក្រុមគ្រូពេទ្យប្រចាំពន្ធនាគារ ក៏សម្រេចបញ្ជូនទណ្ឌិតខាងលើ ទៅមន្ទីរពេទ្យបង្អែកខេត្ត នៅម៉ោង១១៖៤៧នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា។ ក្រោយមកនៅម៉ោង ១២៖៤៨នាទីយប់ ឆ្លងចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមន្ទីរពេទ្យបានរាយការណ៍មកថា ទណ្ឌិតខាងលើបានដាច់ខ្យល់ស្លាប់ទៅហើយ ហើយលោកក៍បានរាយការណ៍ទៅលោក គឹម ហុងសាន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងផងដែរ។

ទាក់ទិននឹងការស្លាប់ របស់ទណ្ឌិតខាងលើ លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច័យ នៃស្នងការដ្ឋាននគបាលខេត្ត បានឱ្យដឹងថា ជំហានដំបូងក្រោយការពិនិត្យ ទៅលើសាកសពជនរងគ្រោះខាងលើ ឃើញមានស្នាមទ្រុឌនៅនិងកញ្ជឹង.ក ចំនួន ៤ចំណុចតូចៗ តែស្លាកស្នាមនោះ មិនអាចបណ្តាលឱ្យជនរងគ្រោះ ស្លាប់បាននោះទេ ហើយក្នុងការពិនិត្យនេះដែរ គឺមានការអញ្ចើញចូលរួម ពីលោកវេជ្ជបណ្ឌិត ហុង ហៃ និងកញ្ញាវេជ្ជបណ្ឌិត ញឹម ចាន់លក្ខិណា ទៅលើជនរងគ្រោះដែលស្លាប់នោះ និងមានការសម្របសម្រួលពីលោកគឹម ហុងសាន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។ ក្រោយធ្វើការពិនិត្យសាកសពរួច អាចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

ក្រោយការពិនិត្យទៅលើសាកសពរួចរាល់ មន្ត្រីជំនាញក៏បានប្រគល់សាកសព ជូនឱ្យឪពុកម្ដាយបងប្អូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ៕