ល្បិចថ្មី! អង្គុយផឹកស៊ីជាមួយគ្នា យកលេសខ្ចីម៉ូតូ ទៅយកស្ពីកឃើរ មកចាក់ស្ដាប់ បែរជាទៅបាត់សូន្យឈឹង

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធករណី(រំលោភលើទំនុកចិត្ត) ខ្ចីម៉ូតូមិត្តភក្ដិ ទៅយកស្ពីកឃើរ មកចាក់ស្ដាប់ បែរជាទៅបាត់ ។ហេតុការណ៍នេះកើតឡើង កាលនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:០០នាទី ចំណុចផ្ទះរបស់ឈ្មោះ សួន វិន ភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

បើតាម អធិការដ្ឋាន នគរបាលស្រុកមុខកំពូល បានអោយដឹងថា ជនរងគ្រោះ០២នាក់ (ម្ដាយនិងកូន)

១.ឈ្មោះ សាញ់ គឿន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

២.ឈ្មោះ សឿន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

ចំណែកជនសង្ស័យមានឈ្មោះ ទិត្យ តុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចបានអោយដឹងទៀតថា សម្ភារៈបាត់បង់រួមមាន ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1IL.2845 ចំនួន ០១គ្រឿង។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៦:០០នាទីជនរងគ្រោះ បានប្រើកូនប្រុសរបស់ខ្លួនឈ្មោះ សឿន វិសាល ឲ្យទៅចូលរួមបុណ្យខួប១០០ ថ្ងៃអ៊ំរបស់ខ្លួន នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។  បន្ទាប់មក កូនរបស់ជនរងគ្រោះ ក៏យកម៉ូតូម្ដាយរបស់ខ្លួន ដែលមានភិនភាគខាងលើ ជិះមកចូលរួមកម្មវិធីបុណ្យ ពេលមកដល់ផ្ទះបុណ្យ ក៏បានចូលបុណ្យ ហើយក៏នៅផឹកស៊ី ជាមួយមិត្តភក្តិឈ្មោះ រ៉ា រ៉ុង ឈ្មោះ វិន វីន និងជនសង្ស័យ នៅផ្ទះរបស់ឈ្មោះ សួន វិន នាំគ្នាផឹកបានមួយសន្ទុះ ក្រោយមក ជនសង្ស័យក៏បានខ្ចីម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ សឿន វិសាល (កូនរបស់ជនរងគ្រោះឈ្មោះ សាញ់ គឿន) ទៅដូរក្រវិលស្រាបៀរ ក្រោយពីដូរក្រវិល ស្រាបៀររួច ជនសង្ស័យក៏ជិះម៉ូតូ ត្រឡប់មកវិញ ហើយបាននាំគ្នាផឹកស្រាបៀរ បន្តរហូតដល់វេលាម៉ោង ២១:០០នាទី ជនសង្ស័យ ក៏ខ្ចីម៉ូតូរបស់ជនរងគ្រោះម្ដងទៀត ដោយប្រាប់ថា៖ ទៅយកស្ពីកឃើរ មកចាក់ស្ដាប់ ហើយជនរងគ្រោះ ក៏ឲ្យម៉ូតូទៅជនសង្ស័យជិះ ហើយជនសង្ស័យ ក៏ជិះម៉ូតូនោះទៅបាត់ រហូតដល់វេលាម៉ោង២៣:០០នាទី មិនឃើញជនសង្ស័យជិះម៉ូតូត្រឡប់មកវិញ  ជនរងគ្រោះ ក៏នាំគ្នាជិះម៉ូតូ តាមរកជនសង្ស័យ រហូតដល់ផ្ទះរបស់ជនសង្ស័យ នៅភូមិជ្រែមួយរយ ឃុំសំបួរមាស  តែមិនឃើញជនរងគ្រោះ ក៏នាំគ្នាត្រឡប់មកផ្ទះ អ៊ុរបស់ខ្លួនវិញ ហើយក៏ប្រាប់អ៊ំ របស់ខ្លួន អំពីរឿងជនសង្ស័យខ្ចីម៉ូតូ ជិះយកទៅបាត់ ភ្លាមនោះអ៊ុរបស់ជនរងគ្រោះ ឈ្មោះ សួន វិន ក៏បានទូរស័ព្ទ ទៅប្រាប់ជនរងគ្រោះ ឈ្មោះ សាញ់ គឿន ជាម្ដាយតែមិនលើកទូរស័ព្ទ។

លុះដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៥:០០នាទី ទៀបភ្លឺជនរងគ្រោះ ឈ្មោះសាញ់ គឿន ក៏បានទៅចុចទូរសព្ទមើល  ឃើញលេខបងជីដូនមួយ ឈ្មោះ សួន វិន តេទៅចំនួន០៥ដង ក៏តេទូរស័ព្ទ ត្រឡប់មកវិញ ហើយក៏បានដឹងរឿង ជនសង្ស័យ ខ្ចីម៉ូតូពីកូនរបស់ខ្លួនយកទៅបាត់  លុះដល់វេលាម៉ោង០៩:០០នាទីព្រឹក ជនរងគ្រោះឈ្មោះ សាញ់ គ្រឿន ក៏មកដល់ផ្ទះបងជីដូនមួយ របស់ខ្លួននៅភូមិក្រោលគោ ឃុំសំបួរមាស ពេលមកដល់ជនរងគ្រោះ និងបងប្អូនក៏បាននាំគ្នា ជិះម៉ូតូដើររកជនសង្ស័យ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២៣:០០នាទី ក៏ប្រទះឃើញ ជនសង្ស័យនិងម៉ូតូ នៅចំណុចរង្វង់មូល នាងមច្ឆា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ភ្លាមនោះជនរងគ្រោះ ក៏បានប្តឹងសមត្ថកិច្ចខណ្ឌឲ្យ ជួយឃាត់ជនសង្ស័យ និងម៉ូតូទុកនៅខណ្ឌ។ បន្ទាប់មកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧:៣០នាទី ជនរងគ្រោះឈ្មោះ សាញ់ គឿន បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សំបួរមាស។

ក្រោយពីទទួលពាក្យបណ្ដឹង ប៉ុស្តិ៍និងជំនាញ ក៏បានទៅយកជនសង្ស័យ និងវត្ថុតាង(ម៉ូតូ) ពីសមត្ថកិច្ចខណ្ឌជ្រោយចង្វារ មកអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន។

ចំពោះជនសង្ស័យនិងវត្ថុតាង(ម៉ូតូ)ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន និងរក្សាទុកនៅ អធិការដ្ឋានគរបាលស្រុកមុខកំពូល។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕