ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃ ស្នងការដ្ឋានរាជធានីភ្នំពេញ ចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចបានឆែកឆេរបន្ទប់នេះភ្លាមៗដែរ តាមដីកាបង្គាប់ និងមានការចូលរួមដោយផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ប៉ាន់ ប៉េរ៉ា អាយុប្រហែល៤០ឆ្នាំ ហើយសមត្ថកិច្ចរកឃើញវត្ថុតាងជាច្រើន រួមមាន៖ វត្ថុច្រកក្នុងកញ្ចប់តែសញ្ញាលេខ៨៨៨ ពណ៌ត្រួយចេកខ្ចី សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៣៧ដុំ។
វត្ថុតាងច្រកក្នុងកញ្ចប់តែសញ្ញាប៉ាន់តែ សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីនចំនួន១០ដុំ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨ថង់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង ឧបករណ៍សម្រាប់អ៊ុតថង់ប្លាស្ទិក ក្រោយរំលែកគ្រឿងញៀន ១គ្រឿង និងឧបករណ៍សម្រាប់រំលែកគ្រឿងញៀន មួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចនាំយកមកសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕