ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលលទ្ធផលអវិជ្ជមាន ជាលើកទី៤ ពោលគឺគ្មានឆ្លងជំងឺ ដ៏កាចសាហាវកូវីដ១៩នោះទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសថា «សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់! លទ្ធផលនៃការធ្វើតេស្ត រកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា» ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារ និងរូបលោក រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ ៕
ដោយឡែករដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន ក៏បានសរសេរលើហ្វេសប៊ុកផងដែរថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួងសុខាភិបាល ថា លទ្ធផលនៃការធ្វើតេស្ត ទៅលើសំណាកដែលបានផ្តល់ជាលើកទីបួន នាព្រឹកមិញនេះរបស់យើងខ្ញុំករុណាខ្ញុំ គឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវិដ ១៩» ។
លោករដ្ឋមន្ត្រីកសិកម្ម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួង សុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានអរព្រះគុណ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលបានផ្ញើរសារសំដែងការព្រួយបារម្ភ ពីសុខភាពរបស់លោក និងលើសពីនេះទៀតគឺ បានផ្ញើរសារជូនពរមកយើងលោក ឲ្យរួចផុតពីការឆ្លងមេរោគកូវិដ ១៩៕