Play Store គឺជាជម្រកនៃកម្មវិធីមេរោគ សម្រាប់ទូរសព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមលទ្ធផលស្រាវជ្រាវពីក្រុមហ៊ុន NortonLifeLock ដែលពីមុនលោកអ្នក ធ្លាប់ស្គាល់ថាជាក្រុមហ៊ុន Symantec គឺជាក្រុមហ៊ុនដ៏ល្បីផ្នែក ផលិតកម្មវិធីកម្ចាត់មេរោគនោះ បានរកឃើញថា Google Play Store ដែលជាកន្លែងទាញយកកម្មវិធីជាផ្លូវការសម្រាប់ទូរសព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ក៏ជាប្រភពនៃកម្មវិធី ដែលពោរពេញទៅដោយមេរោគដ៏ធំមួយផងដែរ។

ក្នុងការស្រាវជ្រាវនេះ ក្រុមហ៊ុនបានចំណាយរយៈពេល ៤ខែ គឺចាប់តាំងពីខែមិថុនាដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពួកគេបានតាមដានកម្មវិធីចំនួនប្រមាណ ៣៤លាន ដែលបានបញ្ចូលទៅក្នុងទូរសព្ទចំនួន ១២លាន។ បើតាមការស្រាវជ្រាវនេះ មានកម្មវិធីចំនួនពី ១០% ទៅ ២៤% ដែលវាអាស្រ័យទៅតាមប្រភេទរបស់កម្មវិធី គឺជាកម្មវិធីដែលមានមេរោគ ឬជាកម្មវិធីដែលមិនមានសារៈប្រយោជន៍ ដូចដែលគេបានផ្សព្វផ្សាយ។

គួរបញ្ជាក់ផងដែរថា អ្នកស្រាវជ្រាវក៏បានធ្វើការប្រៀបធៀបការទាញយកកម្មវិធីពី Play Store ជាមួយនិងការទាញយកពីប្រភពផ្សេងៗទៀតដូចជាតាមរយៈ គេហទំព័រ, file sharing, instant message និង package installers ជាដើម ហើយគេបានរកឃើញថា កម្មវិធីដែលមានមេរោគចំនួន ៦៧% គឺជាកម្មវិធីដែលទាញយកពី Play Store៕