ឃាត់រ៉ឺម៉កម៉ូតូ១គ្រឿង ដឹកសាច់មាន់គ្មានច្បាប់ និងខូចគុណភាព ជិត៤០០គីឡូក្រាម នៅច្រកអូរបីជាន់

0

ភ្នំពេញ៖ មន្ត្រីសាខា(ក.ប.ប)ខេត្តបន្ទាយមានជ័យ បានឃាត់រ៉ឺម៉កម៉ូតូ១គ្រឿង ដឹកសាច់មាន់គ្មានច្បាប់ និងខូចគុណភាពទំងន់ជិត៤០០គីឡូក្រាម នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។នេះបើយោងតាមហ្វេសប៊ុកផេកលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា(ក.ប.ប)ខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ជាការណែនាំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការទប់ស្កាត់ ទំនិញគ្មានច្បាប់និងខូចគុណភាព ដែលឈ្មយញលួចនាំចូល ពីប្រទេសជិតខាង ដើម្បីការពារសុខភាព បងប្អូនប្រជាពលរដ្ឋទិញបរិភោគ។

លោកបានបញ្ជាក់ថា៖ជាការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ហើយមន្ត្រីសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ ហើយបានកំណត់មុខសញ្ញា ឃាត់ម៉ូតូសណ្តូងរ៉ឺម៉កចំនួន១គ្រឿង តាមបណ្តោយផ្លូវជាតិ លេខ៥៨ បានធ្វើពិនិត្យ រកឃើញមានសាច់មាន់ ជានច្រើនស្បងស្មើ ទំងន់៣៥០គីឡូក្រាម ដែលឈ្មួញលួចនាំចូល តាមច្រករបៀង អូរបីជាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ គោលបំណងឈ្មួញនាំចូលមក ចែកចាយ នៅផ្សារក្រុងប៉ោយប៉ែត រឺអាចចេញលក់តាមផ្សារមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ ចំពោះសាច់មាន់ដែលត្រូវបង្ក្រាប បានមានទម្ងន់៣៥០គីឡូក្រាម គឺឈ្មួញលួចនាំចូលពីថៃ តាមច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ដែលឈ្មួញលួចចូលពីប្រទេសថៃ ដឹកដោយខុសច្បាប់ និងខូចគុណភាព ត្រូវបានយកទៅដុត កម្ទេចចោល និងវត្ថុតាងមធ្យោបាយ ដឹកទំនិញខូចគុណភាព និងអ្នកម្ចាស់ត្រូវបាន អនុវត្តន៍តាមច្បាប់ ចំណែកឈ្មួញកំពុងស្រាវជ្រាវ និងចាប់ខ្លួនចាត់ការតាមច្បាប់ ៕