រាជរដ្ឋាភិបាលសម្រេចឲ្យ ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ ដែលជួបប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ បន្ទាប់ពីទទួល បានព័ត៌មានខាងលើនេះ ភ្លាមថារដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto ធ្វើត្រូវបានធ្វើតេស្ត រកឃើញវីរុសកូវីដ១៩ពេលទៅដល់ប្រទេសថៃនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលជួបនិងប្រាស្រ័យទាក់ទង ផ្ទាល់ជាមួយប្រតិភូ នៅក្នុងពេលទស្សនកិច្ច ធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួង សុខាភិបាល។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបរទេសកម្ពុជា នៅថ្ងៃនេះបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា ឯកឧត្តម រដ្ឋមន្រ្តី មានលទ្ធផលវិជ្ជមាន។ សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់បានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា៕