ភ្នំពេញ៖ ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ច អំពីបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខ របស់បងប្អូនប្រជានុរាស្រ្ត នាវេលាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះ ដោយជំនន់ទឹកភ្លៀងដើម្បីសម្រាលទុក្ខលំបាក ចំនួន ៦៧៤គ្រួសារ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺនរៀល ៕