ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌកំបូល សហការជាមួយ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាប ករណីលួចរថយន្តដឹកទឹកកក ឃាត់ខ្លួនបុរសម្នាក់ ។ ហេតុការណ៍បង្រ្កាបករណីលួចរថយន្តនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្បែរសាលាបឋមសិក្សាអូរដឹម ផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ញោម រុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅផ្ទះជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកជនសង្ស័យឈ្មោះ ឆន សុវណ្ណារ័ត្ន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល (មានសារធាតុញៀនក្នុងខ្លួន) ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាកគា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AE-5502 ដឹកទឹកកកដាក់ឲ្យម៉ូយ ពេលដាក់ទឹកកកឲ្យម៉ូយរួចរាល់ ជនរងគ្រោះបានទុករថយន្ត ដោយមិនបានពន្លត់ម៉ាស៊ីនរថយន្ត រួចក៏ចូលទៅហូបបាយ មួយសន្ទុះក្រោយមកជនរងគ្រោះ បានងាកក្រោយមិនឃើញរថយន្ត ក៏ផ្អើលឆោឡោឡើងថា “បាត់រថយន្ត” ជនរងគ្រោះក៏នាំគ្នាដើររកតែរកមិនឃើញ ក៏ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ លុះដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៨យប់ សមត្ថកិច្ចស្រាវជ្រាវឃាត់បានជនសង្ស័យ ឆន សុវណ្ណារ័ត្ន ដែលជាអ្នកទិញរថយន្ត នៅចំណុចខាងកើតផ្លូវរថភ្លើង ផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល បញ្ចូនមកអធិការខណ្ឌកំបូលធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រថយន្តនោះ “ខ្លួនបានទិញពីឈ្មោះខ្មៅ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ នៅម្ដុំផ្លូវវេងស្រេងក្នុងតម្លៃ ៨០០ដុល្លារ តែជនសង្ស័យ ឆន សុវណ្ណារ័ត្ន បានកក់លុយឲ្យឈ្មោះ ខ្មៅ ចំនួន ៣០០ដុល្លារ មួយសប្តាហ៍ក្រោយមកជនសង្ស័យ បានយករថយន្តនោះទៅទុកនៅផ្ទះពូបង្កើត នៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយប្រាប់ពូថា “ទុកផ្ញើពីរបីថ្ងៃនឹងយកទៅវិញ” ជនសង្ស័យបានត្រឡប់មកភ្នំពេញវិញ ដើម្បីរកអ្នកទិញរថយន្ត តែរកមិនបានរហូតដល់យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឆន សុវណ្ណារ័ត្ន ។
លុះដល់ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលខណ្ឌកំបូល បានសហការជាមួយ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ចុះទៅដកហូតរថយន្តរបស់ ជនរងគ្រោះបានមកវិញ នាំយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌកំបូល ចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឡានបានប្រគល់ជូន ជនរងគ្រោះយកទៅប្រើប្រាស់វិញហើយ ៕