គម្រោងប្ដឹងទារ ២០ម៉ឺនដុល្លារ របស់ប៉ូលិសផ្កាយ១ បានបញ្ចប់ត្រឹមការសុំទោស (Video)

0

ភ្នំពេញ៖ គម្រោងប្ដឹងទាមទារសំណង ២០ម៉ឺនដុល្លារ ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Hang Chanchamrong» របស់លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបញ្ចប់ត្រឹមការសុំទោស ។

សូមរំលឹកថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Hang Chanchamrong» បានជេរប្រមាថលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល ដោយប្រើពាក្យថា «អាពូនេះ ចាស់ហើយភ្លើ» ។

លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា «ស្អែកជាថ្ងៃចន្ទ ខ្ញុំនឹងជួបមេធាវីដើម្បីពិភាក្សាគ្នា រឿងដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះ Hang Chanchamrong ពីបទជេរប្រមាថជាសាធារណៈ តាមទំព័រហ្វេសប៊ុកនៅលើអាខោនឈ្មោះ Hang Chanchamrong តាមមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ ទៅតុលាការ ដើម្បីទាមទារសំណងជម្ងឺចិត្ត២០ម៉ឺនដុល្លារ សម្រាប់ការប៉ះពាល់កិត្តិយស និង សេចក្តីថ្លៃថ្នូរ ។ ទឹកប្រាក់ដែលបានពីសំណង ខ្ញុំនឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទាំងអស់ ។ នេះគឺជាមេរៀនសម្រាប់អ្នកតែស្ករដែលខ្វះការពិចារណា និង ពូកែជេរគេ» ។

ក្រោយបង្ហោះសារប្ដឹងទារសំណង ម្ចាស់គណនីហ្វេសប៊ុក បានចេញមុខសុំទោសភ្លាមៗថា «ខ្ញុំបាទ ហង្ស ចាន់ចំរ៉ុង សុំធ្វើការសុំទោសជាសាធារណះ ដោយបានប្រើពាក់សម្តី មិនសមរម្យទៅលើ លោកពូ ឧត្តមសេនីយ៍ ទី ចំរើនកុសល។ ហើយក៏សូមអរគុណលោកពូ ដែលព្រមផ្តល់ឪកាស អោយក្មួយបានកែខ្លួនជាថ្មីម្តងទៀត។ សូមអរគុណលោកពូ» ។

បន្ទាប់ពីទទួលបានសារសុំទោសជាសាធារណៈ របស់បុគ្គលខាងលើ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះសារតបវិញថា «ខ្ញុំទទួលយកការសុំទោស ជាសាធារណ:ពីក្មួយ Hang Chanchamrong ដែលបានជេរប្រមាថ មកលើរូបខ្ញុំតាមរយៈ បង្ហោះនៅលើគណនីហ៊្វេសប៊ុកឈ្មោះ Hang Chanchamrong» ។

លោកឧត្ដមសេនីយ៍ បញ្ជាក់ថា ក្មួយប្រុសម្នាក់នេះបានជេរប្រមាថរូបលោក ជាសាធារណ:តាមបណ្តាញសង្គម នៅលើទំព័រហ្វ៊េសប៊ុកឈ្មោះ Hang Chanchamrong ។ ក្រោយពីលោកព្រមានប្តឹងទៅតុលាការ ក្មួយប្រុសបានចេញសារ សុំទោសលោកជាសាធារណ: ដូចនេះលោកសម្រេចចិត្តថា មិនប្តឹងក្មួយទៅតុលាការទេ ។

ប៉ុន្តែលោកឧត្ដមសេនីយ៍ បានសំណូមពរដល់ក្មួយប្រុស ក៏ដូចប្រជាពលរដ្ឋដទៃទៀត មេត្តាយល់ដឹងផ្លូវច្បាប់អំពីការសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វ៊េសប៊ុក និងបណ្តាញសង្គមផ្សេងៗទៀត ជៀសវាងមានការជេរប្រមាថ បរិហារកេរ្តិ៍ជាសាធារណ: ព្រោះវាជាបទល្មើសព្រហ្មទណ្ឌ ៕