ភ្នំពេញ៖ សំណង់រូបសំណាកប្រាសាទកំពូលបី ហៅថាប្រាសាទឋានសួគ៌ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចឲ្យវាយកម្ទេចចោល វិញ ដោយសង្ស័យថា សាងសង់គ្មានច្បាប់ សាងសង់ខុសលក្ខណៈបច្ចេកទេស និងសង់លើផ្លូវសួនច្បារសាធារណៈ ។
សំណង់អគារមួយនេះ ត្រូវបានប្រភពព័ត៌មានអះអាងថា បានសាងសង់រួចរាល់ប្រមាណ ៥០% ហើយចំណាយថវិកាប្រមាណជិត ១លានដុល្លារ និងត្រូវបានចាប់ផ្តើមវាយកម្ទេចោល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។
តាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រាបមកលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយបានបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងសាងសង់ សំណាកប្រាសាទកំពូលបី (ប្រាសាទឋានសួគ៌) ស្ថិតនៅរង្វង់មូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា ដោយសារសំណង់អគារច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត មានរូបប្រាសាទកំពូលបី និង មានរចនាបថជាខ្មែររួចហើយ ហេតុនេះ ពុំចាំបាច់សាងសង់ទៀតឡើយ ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្តថា ម្យ៉ាងទៀតដើម្បីចៀសវាងផលប៉ះពាល់ដល់ ប្រព័ន្ធការពារសុវត្ថិភាពនៃ រនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែក នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ, រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបញ្ឈប់ការសាងសង់ និងធ្វើការរុះរើសំណង់នេះចេញ ដោយត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសឲ្យបានហ្មត់ចត់ ដើម្បីបង្ការហានិភ័យជាយថាហេតុ ។
ចំពោះទីតាំងរង្វង់មូល ក្រុងប៉ោយប៉ែតនេះ គួរត្រួតពិនិត្យរៀបចំជាសួនច្បារ ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងប៉ោយប៉ែតឲ្យ កាន់តែប្រសើរបន្ថែមទៀត ៕