អភិបាលរាជធានីភ្នំពេញ ប្រាប់ពលរដ្ឋដែលត្រូវការ ជួយសង្គ្រោះបន្ទាន់ ឲ្យគោះធុង គោះប៉ោត (Video)

0

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការជួយសង្គ្រោះបន្ទាន់ ត្រូវគោះធុង គោះប៉ោត ឬវត្ថុអ្វីក៏បានដើម្បីឲ្យ ក្រុមជួយសង្គ្រោះបានលឺ ចូលទៅជួយទាន់ពេលវេលា ឬគ៏ទំនាក់ទំនងមកកាន់ លេខទូរស័ព្ទសង្រ្គោះបន្ទាន់ទាំងពីរខ្សែនេះ ។

ក្នុងឱកាសដឹកនាំកម្លាំងផ្ទាល់ ចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងបុរីមួយកន្លែង ក្បែរតំបន់ទឹកលិច ក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសលេខទូរស័ព្ទ សង្រ្គោះបន្ទាន់ពីរខ្សែគឺ 012 849 666 / 012 777 666 សម្រាប់បងប្អូនដែលត្រូវការជំនួយផ្សេងៗ និងបន្ទាន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

លោកអភិបាលរាជធានី ក៏បានប្រកាសប្រាប់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខុសពីតំបន់ ដែលកំពុងលិចលង់ដោយជំនន់ទឹកភ្លៀង ក្រៅពីខណ្ឌដង្កោ កុំឲ្យមានបារម្ភ ។ ដោយឡែកក្នុងខណ្ឌដង្កោ រួមមានសង្កាត់ចំនួន៥ ដែលរងការលិចលង់គឺ៖ សង្កាត់គងនយ សង្កាត់រលួស សង្កាត់ស្ពានថ្ម សង្កាត់សាក់សំពៅ និងសង្កាត់ទៀន។

លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ដោយសារស្ថានភាពទឹកនៅមិនស្រក បើមិនចាំបាច់ សូមកុំប្រើប្រាស់ចរន្តអគ្គិសនីត្រូវបិទចោល ។

ការអំពាវនាវរបស់អភិបាលរាជធានី ធ្វើឡើងខណៈលោកបានដឹកនាំ កំលាំងចេញទៅជួយប្រជាពលរដ្ឋ ដែលក្នុងបុរីមួយកន្លែង និងត្រួតពិនិត្យតាមដងផ្លូវដែលទឹកលិច នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។ ជាមួយគ្នានោះលោក ឃួង ស្រេង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលត្រូវការជួយសង្គ្រោះបន្ទាន់ ត្រូវបន្លឺជាសម្លេង ដូចជាការគោះប៉ោត ធុង ឬវត្ថុអ្វីក៏បាន ដើម្បីឲ្យក្រុមជួយសង្គ្រោះបានលឺ និងបានចូលទៅជួយទាន់ពេលវេលា ៕