ស្រ្តីម្នាក់ត្រូវខ្សែភ្លើងឆក់ ពេលទឹកភ្លៀង ហូរចូលផ្ទះ

0

ភ្នំពេញ៖ ភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃ បណ្តាលឱ្យក្លាយ ទៅជាជំនន់ទឹកភ្លៀង លិចផ្ទះសម្បែង ប្រជាពលរដ្ឋ និងសើមឆ្លង ដល់ចរន្ធអគ្គិសនីក្នុងផ្ទះ លុះស្ត្រីជាម្ចាស់មិនចាប់អារម្មណ៍ ក៍ដើរទៅក្បែរចរន្ធអគ្គិសនី បណ្តាលឱ្យឆក់ដួល រងរបួសធ្ងន់ ត្រូវបានក្រុមការងារ យុវជន ស.ស.យ.ក ដឹកតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ។

ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ត្រីរងគ្រោះ មាន ឈ្មោះ ង៉ែត ភី អាយុ៥១ឆ្នាំ មានទីលំក្នុងភូមិខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញមេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំង ហើយទឹកក៍ជន់ឡើងដល់ផ្ទះរបស់គាត់ លុះម្ចាស់មិនបានចាប់អារម្មណ៍ ក៍ដើរទៅក្បែរចរន្ធភ្លើង បណ្តាលឱ្យឆក់ដួលរបួសតែម្តង ។ ក្រោយពេលកើតហេតុ លោក ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានជួយដឹកស្ត្រី ដែលបានរងគ្រោះ ដោយសារខ្សែភ្លើងឆក់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះ អាយុជីវិតឱ្យទាន់ ពេលវេលា ។

ប្រភពបញ្ជាក់ថា រហូតមកដល់ពេលនេះស្ត្រីខាងលើ មានការធូរស្បើយឡើងវិញ បន្តិចហើយ ដោយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ៕