ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល បានលើកឡើងថា គរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ពុំមានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្ត ដែលល្មើសច្បាប់ចរាចរណ៍ ដោយឯកឯងបានទេ ដោយហេតុថា មិនមែនជានគរបាលចរាចរណ៍ទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៧ តុលា ឧត្ដមសេនីយ៍ ទី ចំរើនកុសល បានលើជាសំណួរថា តើនគរបាលអន្តរាគមន៍ មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្ត ដែលល្មើសច្បាប់ចរាចរណ៍ ដោយឯកឯងបានដែរឬទេ?
លោកឧត្ដមសេនីយ៍បញ្ជាក់ថា «ជារឿយៗ ខ្ញុំតែងតែសង្កេតឃើញប្អូនៗ នគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលចុះសហការណ៍ជាមួយ នគរបាលចរាចរណ៍តាមគោលដៅ មួយចំនួនតែងតែចេញមកហៅ ឬឃាត់រាល់យានយន្តដែល ល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។ នេះគឺជាការប្រព្រឹត្តខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ដោយហេតុថា ប្អូនៗមិនមែនជានគរបាលចរាចរណ៍ទេ ដូចនេះប្អូនៗគ្មានភារកិច្ចអ្វីត្រូវហៅ ឬបញ្ឈប់រាល់យានយន្ត ដែលល្មើសច្បាប់ចរាចរណ៍ ដោយឯកឯងបានឡើយ» ។
លោកឧត្ដមសេនីយ៍ ក៏បានលើជាសំនួរទៀតថា តើនគរបាលអន្តរាគមន៍នៃ ស្នងការដ្ឋាននគរបាលរាជធានីមានតួនាទី និងភារកិច្ចអ្វីខ្លះនៅពេល ចុះប្រតិបត្តិការតាមគោលដៅ ជាមួយនគរបាលចរាចរណ៍ម្តងៗ?
លោកថ្លែងថា តួនាទី និងភារកិច្ចរបស់ នគរបាលអន្តរាគមន៍គឺ ដើម្បីជួយអន្តរាគមន៍ និងបង្ក្រាបរាល់បទល្មើសចរាចរណ៍ ទាំងឡាយណាដែលមិនព្រមឈប់ តាមការបញ្ឈប់របស់នគរបាលចរាចរណ៍ ឬមានបង្កអំពើហិង្សា មកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់..។ល។ យ៉ាងណាមិញនគរបាលអន្តរាគមន៍ ត្រូវឈរចំងាយ (៥០ម៉ែត្រ) ពីគោលដៅនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តន៍ច្បាប់និមួយៗ មិនមែនឈរផ្តុំគ្នាជាមួយនឹង នគរបាលចរាចរណ៍នោះទេ។
លោកឧត្ដមសេនីយ៍បន្ថែមថា កន្លងមកគោលដៅដែលលោក ឧស្សាហ៍ឃើញនគរបាលអន្តរាគមន៍ ឈរផ្តុំគ្នាជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងចេញមកបង្ក្រាបដោយឯកឯង គឺនៅគោលដៅអាងទឹក គោលដៅភ្លើងស្តុបផ្សារដើមគរ និងគោលដៅរង្វង់មូលគួចកាណុង ៕