ភ្នំពេញ៖ ក្រោយមានការគាំទ្រ ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនធំ ជុំវិញករណីមន្ត្រីជាប់កិច្ចសន្យា របស់សាលារាជធានី ដែលបានអនុវត្តការងារ ខុសពីតួនាទីនិងភារកិច្ចរបស់ខ្លួន និងតែងតែ ធ្វើសកម្មភាព បញ្ឈប់យានយន្តទាំងឡាយ ដែលល្មើសច្បាប់ចរាចរណ៍ នៅលើដងផ្លូវសាធារណៈ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល ស្នើពីរចំណុច ដើម្បីបញ្ចប់ភាព អសកម្មដ៏រាំរ៉ៃមួយនេះ នៅតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។
សំណូមពរទាំងពីររួមមាន៖
១-ស្នើសុំឈប់ឲ្យមានមន្ត្រីជាប់កិច្ចសន្យា តទៅទៀតដើម្បីលុបបំបាត់ ភាពអសកម្មដ៏រាំរ៉ៃមួយនេះ។ ក្នុងករណីខ្វះកម្លាំង ស្នើសុំជ្រើសរើសក្របខ័ណ្ឌថ្មី បន្ថែម ដើម្បីផ្តល់ឳកាស ដល់និស្សិតមួយចំនួន ដែលទើបចេញពីសាលា នឹងគ្មានការងារធ្វើ។
២-ស្នើសុំដល់មន្ត្រីជាប់កិច្ចសន្យាទាំងអស់ បញ្ឈប់រាល់សកម្មភាពបែបនេះ តទៅទៀតបើមិនចង់ឃើញ រូបភាពរបស់ខ្លួន នៅលើផេករបស់ខ្ញុំ ។
ជុំវិញករណីនេះផងដែរ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេររៀបរាប់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារទាំងស្រុងថា៖ ក្រោយពីខ្ញុំ បានបង្ហោះបង្ហាញមុខមន្ត្រីជាប់កិច្ចសន្យា របស់សាលារាជធានី ដែលបានអនុវត្តការងារ ខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន និងតែងតែ ធ្វើសកម្មភាព បញ្ឈប់យានយន្តទាំងឡាយ ដែលល្មើសច្បាប់ចរាចរណ៍ នៅលើដងផ្លូវសាធារណៈ រួចមក ខ្ញុំបានឃើញថា ប្រជាពលរដ្ឋយ៉ាងច្រើន លើសលុប គាំទ្រចំពោះការបង្ហោះ និងចែករំលែក ចំណេះដឹងមួយនេះ។ ទន្ទឹមនឹងមានការគាំទ្រ ក៏មានការរិះគន់ មកលើរូបខ្ញុំបាទខ្លះដែរ ចំពោះការបើកបរមិនគោរព ស្លាកសញ្ញាហាម បត់ត្រលប់ក្រោយ និងប្រើប្រាស់ទូរស័ព្ទ ក្នុងពេលបើកបរ ។
លោកឧត្តមសេនីយ៍ បញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងនេះ គឺផ្តើមចេញពី មន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅ អគារ៤២ជាន់ នៅលើផ្លូវព្រះសីហនុ កែងនឹងផ្លូវព្រះមុន្នីវង្ស បានឃាត់រថយន្តមួយគ្រឿង និងបានត្រួតពិនិត្យ ប័ណ្ណបើកបរ អ្នកបើករថយន្តនោះ ទាំងដែលខ្លួន មិនមែនជានគរបាលចរាចរណ៍។ ដោយសារតែឃើញ មន្ត្រីជាប់កិច្ចសន្យារូបនេះ កំពុងអនុវត្តខុសនឹងតួនាទី ភារកិច្ចរបស់ខ្លួន ខ្ញុំក៏មានគំនិត បង្កើតកំហុស ដោយបត់ត្រលប់ ក្រោយដើម្បីឲ្យបុគ្គលរូបនេះ ឃាត់រថយន្តរបស់ខ្ញុំ។ ហើយដូចការរំពឹងទុក គឺមន្ត្រីជាប់កិច្ចសន្បា បានចេញមកឃាត់រថយន្ត របស់ខ្ញុំមែន (ដូចដែលមានរូបភាព ភ្ជាប់មកជាមួយស្រាប់)។
លោកឧត្តមសេនីយ៍ បន្តថា ក្រោយពេលថតបានហើយ ខ្ញុំបានបញ្ជូនរូបភាពនេះ ទៅលោកនាយការិយាល័យ ចរាចរណ៍ ផ្លូវគោករាជធានី តាមប្រព័ន្ធ WhatsApp និងបញ្ជូនចូល ទៅក្នុងប្រអប់សារហ្វេសប៊ុក របស់ឯកឧត្តមស្នងការ ដើម្បីបានជ្រាប។ ភ្លាមៗនោះ ខ្ញុំបាទបានទទួលត្រលប់មកវិញ នូវការអរគុណ ពីលោកនាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ចំពោះការបញ្ជូនរូបភាពនេះ លោកមិនកាន់ជើង កូនចៅទាល់តែសោះ និងបានសន្យាយកមន្ត្រី ដែលមានកំហុសនោះ ទៅអនុវត្តវិន័យ(បញ្ឈរជើង)នៅការិយាល័យ នគរបាលចរាចរណ៍រាជធានី។ ទោះបីមានការខិតខំ ប្រឹងប្រែង លុបបំបាត់ភាពអសកម្ម ទាំងអស់នេះយ៉ាងណា គឺប្រៀបបានដូចវែកចក នៅលើទឹក គ្មានឃើញលទ្ធផលប្រសើរអ្វីទាំងអស់។ ហេតុដូចនេះហើយទើបបានខ្ញុំ សម្រេចចិត្តបង្ហោះ ដើម្បីចែករំលែក រូបភាពមួយនេះ ដល់ប្រជាពលរដ្ឋ បានដឹងថាតើភាពខុសគ្នា រវាងមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍ ខុសគ្នាត្រង់ណា ?ហើយត្រូវដឹងផងដែរថា មន្ត្រីជាប់កិច្ចសន្យា របស់សាលារាជធានីទាំងអស់ គឺគ្មានសិទ្ធិចេញមកឃាត់ រាល់យានយន្ត ដែលល្មើសនឹងច្បាប់ចរាចរណ៍ នៅលើដងផ្លូវសាធារណៈនោះទេ។
លោកឧត្តមសេនីយ៍ បន្តថា ជាការពិត ខ្ញុំដឹងច្បាស់ណាស់ថា វានឹងប៉ះពាល់មកខ្ញុំវិញ ចំពោះបញ្ហាដែលខ្ញុំបង្ហោះ ភាពអសកម្ម របស់មន្ត្រីជាប់កិច្ចសន្យានេះ ប៉ុន្តែខ្ញុំគ្មានជម្រើស ទោះបីប៉ះពាល់ និងមានកាពេបជ្រាយ មានការមិនពេញចិត្ត ពីថ្នាក់ដឹកនាំមួយចំនួន ប៉ុន្តែខ្ញុំសប្បាយចិត្ត នូវអ្វីដែលខ្ញុំបានជួយសង្គម និងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលជាជនរងគ្រោះពិតៗ យ៉ាងណា៉ម៉ិចរឿង មន្ត្រីជាប់កិច្ចសន្យា របស់សាលារាជធានីនេះ មិនមែនមានតែម្តងនេះទេ ដែលធ្វើខុសតួនាទី ភារកិច្ច គឺមានជារៀងរាល់ថ្ងៃ នឹងសឹងគ្រប់គោលដៅ នៅក្នុងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋជាច្រើន ដែលលោកមើលមិនដឹងថា ជាមន្ត្រីជាប់កិច្ចសន្យាទេ លោកគិតថាជានគរបាលចរាចរណ៍ ទាំងអស់។
ចុងបញ្ចប់ខ្ញុំយល់ព្រម បង់ប្រាក់ពិន័យ ចំពោះបញ្ហាល្មើស ស្លាកសញ្ញាត្រលប់ក្រោយ និងប្រើប្រាស់ទូរស័ព្ទ កំពុងបើកបរ បើច្បាប់ចាំបាច់ តម្រូវឲ្យខ្ញុំបង់ប្រាក់ពិន័យ ។ ព្រោះអីមានប្រជាពលរដ្ឋ ជាច្រើនដែលកំពុង រងចាំជួយរ៉ៃអង្គាសប្រាក់ សម្រាប់បង់ថ្លៃពិន័យនេះ ៕