ភ្នំពេញ៖ បុរសជាជាងកាត់សក់ម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយផឹកស៊ី ជាមួយមិត្តភក្តិស្រាប់តែខ្មាន់កាំភ្លើង ដែលផ្ទះជាប់គ្នាដកកាំភ្លើងមកបាញ់ប្រហារ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជាងកាត់សក់យីហោ សុខម៉េងកាត់សក់ តាមបណ្តោយផ្លូវ២៩១ ស្ថិតក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះសុខកេន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជាជាងកាត់សក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ មានកូនស្រីចំនួន ៤នាក់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានហៅមិត្តភក្តិ មកអង្គុយផឹកស៊ី នៅខាងមុខហាងកាត់សក់របស់ខ្លួន លុះមកដល់វេលាកើតហេតុ ជនរងគ្រោះក៏បានអូសម៉ូតូ ចូលក្នុងហាង ភ្លាមនោះស្រាប់តែមានបុរសម្នាក់ ជាជនដៃដល់ដែលនៅផ្ទះជាប់គ្នា បានដើរចេញពីក្នុងផ្ទះ មកប្រដាប់ដោយកាំភ្លើងខ្លី បានបាញ់ប្រហារចំនួន ១គ្រប់មកលើជនរងគ្រោះ ចំត្រង់ដើមទ្រូងធ្វើឲ្យជនរងគ្រោះ ប្រកាច់ស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ។
ក្រោយកើតហេតុជនដៃដល់ បានគេចខ្លួនបាត់ស្រមោល តែម្តងចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចពិនិត្យ ជាក់ស្តែងរួចប្រគល់ទៅជូន ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕